ព័ត៌មានអន្តរជាតិ

Update: អឺរ៉ុបព្រមានដាក់ទណ្ឌកម្ម លើបេឡារុស ប្រសិនបើហ៊ានទទួលធ្វើជាកន្លែង ផ្ទុកអាវុធនុយក្លេអ៊ែររុស្ស៊ី

បរទេស៖ អ្នកការទូតកំពូលរបស់ប្លុកអឺរ៉ុប លោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុបនឹងឆ្លើយតបជាមួយនឹងការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើប្រទេសបេឡារុស្ស ជំរុញទៅមុខជាមួយនឹងការធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនៅលើដីរបស់ខ្លួន។ លោក Borrell បានហៅការសម្រេចចិត្តផ្ទេរអាវុធយុទ្ធសាស្ត្រទៅប្រទេសបេឡារុស្សថា “ការកើនឡើងដែលមិនទទួលខុសត្រូវ” ដោយទីក្រុងម៉ូស្គូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Borrell បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា “ប្រទេសបេឡារុស្សដែលធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី នឹងមានន័យថា ជាការកើនឡើងដែលមិនទទួលខុសត្រូវ និងការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប” ។ លោកបានបន្តថា «បេឡារុសនៅតែអាចបញ្ឈប់ការដាក់អាវុធនេះបាន វាជាជម្រើសរបស់ពួកគេ» ដោយបន្ថែមថា «សហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបនឹងទណ្ឌកម្មបន្ថែមទៀត»។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបង្ហាញ កាលពីថ្ងៃសៅរ៍ថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ របស់ប្រទេស លោកនឹង រំកិលមកដល់ប្រទេស បេឡារុស្សនៅដើមរដូវក្តៅនេះ ។ លោកពូទីនបាននិយាយថា លោកបានធ្វើការសម្រេច ចិត្តបន្ទាប់ពីចក្រភពអង់គ្លេស បានប្រកាសថា អង់គ្លេសនឹងផ្ទេរសារធាតុ ពុលអ៊ុយរ៉ាញ៉ូមដែលរលាយហើយ ទៅឱ្យអ៊ុយក្រែនដែលជាទង្វើដែលលោកបានពិពណ៌នាថា ជាសញ្ញានៃ “ការនាំគ្រោះថ្នាក់” របស់ទីក្រុងឡុងដ៍។

បេឡារុស្សត្រូវបានសហភាពអឺរ៉ុប និងអាមេរិកដាក់ ទណ្ឌកម្មយ៉ាងទូលំទូលាយរួចហើយ ចាប់តាំងពីការចាប់ផ្តើម ប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែនកាលពីខែកុម្ភៈកន្លងទៅ។ ទីក្រុងប្រ៊ុចសែលបានចុះក្នុងបញ្ជីខ្មៅមន្ត្រីបេឡារុស្សជាង ២០ នាក់ កាត់បន្ថយធនាគារចំនួន ៥ របស់ប្រទេសនេះចេញពីប្រព័ន្ធធនាគារ SWIFT និងបានដាក់កំហិតពាណិជ្ជកម្មជាច្រើនថែមទៀត៕

Most Popular

To Top