ព័ត៌មានអន្តរជាតិ

ផ្ទុះការតវ៉ាដ៏ធំនៅអ៊ីស្រាអែល បន្ទាប់ពីលោក ណេតាន់យ៉ាហ៊ូ បណ្តេញរដ្ឋមន្ត្រីការពារជាតិ ចេញពីតំណែង

យេរ៉ូសាឡឹម៖ បាតុកររាប់ម៉ឺននាក់បានដើរតាមដងផ្លូវក្នុងទីក្រុងនានាទូទាំងប្រទេសអ៊ីស្រាអែល នៅក្នុងការផ្ទុះកំហឹងដោយឯកឯង បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបណ្តេញរដ្ឋមន្ត្រីការពារជាតិរបស់លោកចេញពីតំណែងភ្លាមៗ ចំពោះការប្រឈមនឹងផែនការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់លោក។

ក្រុមបាតុករនៅទីក្រុង Tel Aviv ជាច្រើននាក់ពាក់ទង់ជាតិអ៊ីស្រាអែលពណ៌ខៀវ និងស បានបិទផ្លូវហាយវ៉េដ៏សំខាន់មួយកាលពីល្ងាចថ្ងៃអាទិត្យ និងបានដុតភ្លើងដ៏ធំ ខណៈដែលប៉ូលិស បានប៉ះទង្គិចជាមួយក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅផ្ទះឯកជនរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងទីក្រុងយេរ៉ូសាឡឹម។

ភាពចលាចលនេះបានធ្វើឱ្យកាន់តែស៊ីជម្រៅនូវវិបត្តិរយៈពេលជាច្រើនខែជុំវិញផែនការរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងការរៀបចំឡើងវិញនូវប្រព័ន្ធតុលាការ ដែលបានបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ មេដឹកនាំអាជីវកម្ម និងអតីតប្រធានសន្តិសុខ និងបានទាក់ទាញការព្រួយបារម្ភពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធផ្សេងទៀត។

ការបណ្តេញរដ្ឋមន្រ្តីការពារជាតិលោក Yoav Gallant ដោយលោក ណេតាន់យ៉ាហ៊ូ បានបង្ហាញសញ្ញាថា នាយករដ្ឋមន្ត្រី និងសម្ព័ន្ធមិត្តរបស់លោក នឹងប្រឈមមុខគ្នានៅសប្តាហ៍នេះ ជាមួយនឹងផែនការផ្លាស់ប្តូរ។

លោក Gallant បានក្លាយជាសមាជិកជាន់ខ្ពស់ដំបូងគេនៃគណបក្ស Likud ដែលកំពុងកាន់អំណាច ដែលបាននិយាយប្រឆាំងនឹងបក្ស ដោយលើកឡើងថា ការបែកបាក់ដ៏ជ្រៅកំពុងគំរាមកំហែងធ្វើឱ្យយោធាចុះខ្សោយ។

ប៉ុន្តែខណៈដែលក្រុមបាតុករបើកឡានជន់លិចតាមដងផ្លូវរហូតដល់យប់ជ្រៅ រដ្ឋមន្ត្រី Likud បានចាប់ផ្តើមបង្ហាញពីឆន្ទៈក្នុងការបុកហ្វ្រាំង។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោក Micky Zohar ដែលជាអ្នកទុកចិត្តលោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា គណបក្សនឹងគាំទ្រលោក ប្រសិនបើលោកសម្រេចចិត្តផ្អាកការកែប្រែប្រព័ន្ធតុលាការ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​បានឲ្យដឹង​ថា មេដឹកនាំ​ក្នុង​ក្រុម​ចម្រុះ​របស់​លោក ណេតាន់យ៉ាហ៊ូ នឹង​ជួប​គ្នា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ។ នៅ​ថ្ងៃ​ក្រោយ​មក ចលនា​តវ៉ា​នៅ​មូលដ្ឋាន​បាន​ឲ្យដឹង​ថា ​ខ្លួន​នឹង​ធ្វើ​មហា​បាតុកម្ម​មួយ​ទៀត​នៅ​ខាង​ក្រៅ​វិមាន Knesset ឬ​សភា​ក្នុង​ក្រុងយេរ៉ូសាឡឹម៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top