ព័ត៌មានអន្តរជាតិ

ក្រុមអ្នកវិទ្យាសាស្ត្រ រកឃើញទឹកដក់ នៅក្នុងកញ្ចក់តូចៗនៅពាសពេញផ្ទៃ នៃភពព្រះចន្ទ្រ សង្ឃឹមថានឹងអាចទាញយកមក ប្រើប្រាស់បាននៅពេលណាមួយ

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ថា ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃចន្ទថា ពួកគេបានរកឃើញទឹកដក់នៅខាងក្នុងកញ្ចក់តូចៗ ដែលនៅរាយប៉ាយពាសពេញភពព្រះចន្ទ្រ ដោយបានបង្ហាញថា នៅថ្ងៃណាមួយ គេអាចទាញយក និងប្រើប្រាស់ដោយ “អ្នករុករកនៅថ្ងៃអនាគត” ។

ភពព្រះចន្ទ្រនេះត្រូវបានគេជឿថា មានសភាពស្ងួតយូរមកហើយ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បេសកកម្មជាច្រើនបានបង្ហាញថា ទីនោះមានទឹកទាំងនៅលើផ្ទៃ និងជាប់នៅខាងក្នុងសារធាតុរ៉ែ ។

លោក Mahesh Anand សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រភព និង ការរុករកនៅសាកលវិទ្យាល័យ Open របស់ចក្រភពអង់គ្លេស បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP ថា ម៉ូលេគុលទឹកអាចត្រូវបានគេមើលឃើញថា “លេចចេញពីលើផ្ទៃព្រះចន្ទ្រ” នៅគ្រាដែលវាមានពន្លឺថ្ងៃចាំង ។

លោក Anand ដែលជាសហអ្នកនិពន្ធនៃការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature Geoscience បានលើកឡើងថា “ប៉ុន្តែយើងមិនដឹងថា វាមកពីណាពិតប្រាកដនោះទេ” ។

ការសិក្សាដែលធ្វើឡើងដោយក្រុម ដែលដឹកនាំដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានឲ្យដឹងថា អង្កាំកញ្ចក់គឺ “ប្រហែលជាអាងស្តុកទឹកលេចធ្លោ ដែលពាក់ព័ន្ធនឹងវដ្តទឹកនៅលើផ្ទៃព្រះចន្ទ្រ” ៕

Most Popular

To Top