វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានប្រាប់រុស្ស៊ីថា ខ្លួននឹងលែងចែករំលែកទិន្នន័យ ស្តីពីកងកម្លាំងនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្ររបស់ខ្លួនទៀតហើយ ដោយសារតែការប្រកាសរបស់ទីក្រុងម៉ូស្គូ កាលពីខែមុន ដើម្បីផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញា New START ។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា “នេះត្រូវបានធ្វើឡើងក្នុងការឆ្លើយតប ចំពោះរុស្ស៊ីដែលបដិសេធជាមុនក្នុងការផ្តល់ទិន្នន័យ យើងរីករាយនឹងផ្តល់ទិន្នន័យនេះ ប្រសិនបើរុស្ស៊ី នឹងប្រកាន់ខ្ជាប់នូវសន្ធិសញ្ញា ប៉ុន្តែមិនឃើញហេតុផលណាមួយ ក្នុងការលើកទឹកចិត្តរុស្ស៊ីឱ្យជៀសវាងការអនុលោមតាមសន្ធិសញ្ញា ដោយការចែករំលែកទិន្នន័យដែលពួកគេចង់មាននោះទេ”។
នៅក្រោមកតិកាសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដែលនៅសេសសល់ចុងក្រោយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី អ្នកទាំងពីរត្រូវមានកាតព្វកិច្ចផ្លាស់ប្តូរទិន្នន័យ ដ៏ទូលំទូលាយ រួមទាំងលេខ និងលក្ខណៈនៃប្រព័ន្ធអាវុធរៀងរាល់ ៦ខែម្តង។
កិច្ចព្រមព្រៀងដែលបានចូលជាធរមាននៅក្នុងឆ្នាំ២០១១ កំណត់ភាគីនីមួយៗមិនឱ្យលើសពី ១៥៥០ ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលបានដាក់ពង្រាយ ហើយទាមទារឱ្យមានជំហានផ្ទៀងផ្ទាត់ជាច្រើនដូចជា ការត្រួតពិនិត្យនៅនឹងកន្លែង។
ដោយសារភាពតានតឹងរវាងប្រទេសទាំងពីរ នៅតែមានកម្រិតខ្ពស់ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសផ្អាកទីក្រុងមូស្គូពីសន្ធិសញ្ញានៅក្នុងសុន្ទរកថារដ្ឋប្រចាំឆ្នាំរបស់លោកកាលពីថ្ងៃទី ២១ ខែកុម្ភៈ ប៉ុន្មានថ្ងៃមុនថ្ងៃខួបលើកទីមួយនៃការចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា