ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រ Black Hawk ២គ្រឿងរបស់កងទ័ពអាមេរិក បុកគ្នានៅកណ្តាលយប់ ក្នុងបេសកកម្ម​ហ្វឹកហ្វឺន​

បរទេស ៖ ​ឧទ្ធម្ភាគចក្រវាយប្រហារពីរគ្រឿង ដែលប្រតិបត្តិការដោយកងទ័ព អាមេរិកបានបុកគ្នា កាលពីយប់ថ្ងៃពុធលើរដ្ឋ Kentucky ។ ជោគវាសនារបស់ក្រុមនាវិក នៅលើឧទ្ធម្ភាគចក្រនោះមិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែអភិបាល ក្នុងតំបន់បាននិយាយថា អ្នកស្លាប់ត្រូវបានរំពឹង ទុកជាមុនផងដែរ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កងទ័ពបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រប្រភេទ HH60 Black Hawks ពីរគ្រឿង បានហោះចេញពី Fort Campbell ដែលជាមូលដ្ឋានយោធា នៅព្រំដែននៃរដ្ឋ Kentucky និងរដ្ឋ Tennessee ។ ឧទ្ធម្ភាគចក្រកំពុង​ធ្វើ​បេសកកម្ម​ហ្វឹកហ្វឺន ​ជា​ប្រចាំ​នៅ​តំបន់ Trigg County នៅពេល​ឧបទ្ទវហេតុ​ បាន​កើត​ឡើង​នៅ​ម៉ោង​ប្រហែល ១០ យប់។

ឧទ្ធម្ភាគចក្រ Black Hawk ដែលត្រូវបានកែប្រែ ជាកម្មសិទ្ធិរបស់កងពលធំទី 101 ដែលមាន ឈ្មោះថា ‘Screaming Eagles’ ដែលជាផ្នែកវាយលុក ផ្លូវអាកាសតែមួយគត់ នៅក្នុងកងទ័ព ។ ទីតាំងកើតហេតុមាន​ចម្ងាយ​ ប្រហែល ៤០គីឡូម៉ែត្រ ភាគ​ពាយព្យ​នៃ Fort Campbell។

អភិបាល លោក Andy Beshear បានសរសេរនៅលើ Twitter ថា ប៉ូលីសរដ្ឋ និងនាយកដ្ឋានពន្លត់អគ្គីភ័យ កំពុងឆ្លើយតប ចំពោះឧបទ្ទវហេតុនេះ ហើយលោកបានស្នើឱ្យប្រជាជន គួរតែត្រៀមខ្លួនសម្រាប់លទ្ធផល ដ៏អាក្រក់បំផុតសម្រាប់ក្រុមនាវិក៕

Most Popular

To Top