បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បាននិយាយនៅព្រហស្បតិ៍ថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយយោធារុស្ស៊ី ដើម្បីរួមគ្នាលើកកម្ពស់យុត្តិធម៌អន្តរជាតិ សន្តិភាព និងសន្តិសុខ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការប្រកាសនេះធ្វើឡើងបន្ទាប់ពី ជំនួបកំពូលរវាងលោកប្រធានាធិបតី Xi Jinping និងសមភាគីរុស្ស៊ីលោក Vladimir Putin នៅក្នុងទីក្រុងមូស្គូកាលពីដើមខែនេះ។ មេដឹកនាំទាំងពីរបានអះអាងសារជាថ្មី នូវគោលការណ៍នៃភាពជាដៃគូ រវាងប្រជាជាតិរបស់រុស្ស៊ី និងចិន ហើយបានយល់ព្រមធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេភាគី និងការសម្របសម្រួលផ្នែកយោធា។
យោងតាមលោក Tan, ប្រទេសចិន “មានឆន្ទៈធ្វើការរួមគ្នាជាមួយយោធារុស្ស៊ី ដើម្បីអនុវត្តឱ្យបានពេញលេញនូវការឯកភាព ដ៏សំខាន់ដែលប្រមុខរដ្ឋទាំងពីរសម្រេចបាន” ។ លោកបានបន្ថែមថា នោះរួមបញ្ចូលទាំងការ ពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការសម្របសម្រួលបន្ថែមទៀត។
ផ្នែកការទូតបានលើកឡើងថា ប្រទេសទាំងពីរគ្រោងនឹងរៀបចំជា ទៀងទាត់នូវការល្បាតដែនសមុទ្រ និងដែនអាកាសរួម ក៏ដូចជាការធ្វើសមយុទ្ធហ្វឹកហ្វឺន និងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗជាច្រើនទៀត។ យោងតាមលោក Tan គោលបំណងគឺ “ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងយោធា” ជាមួយរុស្ស៊ី ដើម្បីជួយធានាយុត្តិធម៌អន្តរជាតិ និងរួមចំណែកថ្មីដល់សន្តិសុខអន្តរជាតិ និងតំបន់។ លោកបានអះអាងថា នេះនឹង«បម្រើការកសាងសហគមន៍មួយជាមួយនឹងអនាគតរួមសម្រាប់មនុស្សជាតិ»។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានហៅទំនាក់ទំនង ដែលកំពុងកើនឡើងរវាងរុស្ស៊ី និងចិនថាជាបញ្ហាខ្លាំង ដោយ ក្រុមមន្ត្រីក៏បានពណ៌នាប្រទេសចិនថាជា “បញ្ហាប្រឈម” ដោយមន្ទីរបញ្ចកោណ បានស្នើសុំថវិកាការពារជាតិឆ្នាំ ២០២៤ រហូតដល់ ៨៤២ពាន់លានដុល្លារ ៕
ប្រែសម្រួលៈ ណៃ តុលា