ព័ត៌មានអន្តរជាតិ

រុស្ស៊ី កាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ទោះបីជាអ៊ុយក្រែន ជំរុញឲ្យសមាជិករារាំងសកម្មភាពនេះក្តី

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ថា រុស្ស៊ីបានកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើទោះជាអ៊ុយក្រែនជំរុញឲ្យសមាជិករារាំងសកម្មភាពនេះក៏ដោយ ។

គេបានដឹងថា សមាជិក១៥រូបរបស់ក្រុមប្រឹក្សានីមួយៗឡើងកាន់តំណែងជាប្រធានសម្រាប់រយៈពេល១ខែតាមលំនាំវិលជុំ ។

លើកចុងក្រោយដែលរុស្ស៊ីកាន់តំណែងជាប្រធានគឺខែកុម្ភៈឆ្នាំ២០២២ ប្រទេសនេះបានបើកការលុកលុយពេញលេញលើអ៊ុយក្រែន ។

នេះមានន័យថា ក្រុមប្រឹក្សាសន្តិសុខកំពុងត្រូវបានដឹកនាំដោយប្រទេសដែលប្រធានាធិបតីត្រូវទទួលដីកាចាប់ខ្លួនអន្តរជាតិពីបទឧក្រិដ្ឋកម្មសង្គ្រាម ។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC  ដែលមិនមែនជាស្ថាប័នអង្គការសហប្រជាជាតិ បានចេញដីកាចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមុន ។

ទោះបីជាមានការត្អូញត្អែរពីអ៊ុយក្រែនក៏ដោយ សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនមិនអាចរារាំងប្រទេសរុស្ស៊ី ដែលជាសមាជិកក្រុមប្រឹក្សាអចិន្ត្រៃយ៍ ពីការឡើងកាន់តំណែងជាប្រធានបាននោះទេ ។

សមាជិកអចិន្ត្រៃយ៍ផ្សេងទៀតនៃក្រុមប្រឹក្សា គឺចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង និងចិន ។

តួនាទីនេះភាគច្រើនជានីតិវិធី ប៉ុន្តែឯកអគ្គរដ្ឋទូតរបស់ទីក្រុងម៉ូស្គូប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzia បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីថា លោកគ្រោងនឹងត្រួតពិនិត្យការជជែកដេញដោលជាច្រើន រួមទាំងការគ្រប់គ្រងអាវុធផងដែរ ។

លោកបានថ្លែងថា គាត់នឹងពិភាក្សាអំពី “សណ្តាប់ធ្នាប់ពិភពលោកថ្មី” ដែលគាត់បានលើកឡើងថា នឹងមក “ជំនួសកន្លែងតែមួយ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top