ព័ត៌មានអន្តរជាតិ

សមាជិកសភា អាល្លឺម៉ង់ថា កងទ័ពអាមេរិក គួរតែចាកចេញពីអាល្លឺម៉ង់

បរទេស ៖ លោកស្រី Sevim Dagdelen អនុប្រធានគណបក្សឆ្វេង និយមនៅសភាសហព័ន្ធ Bundestag បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងប៊ែរឡាំងត្រូវ តែបញ្ឈប់ជាមួយនឹង “ទំនាក់ទំនង នៃការអនុគ្រោះយ៉ាងខ្លាំង” ដែលមានស្រាប់ ជាមួយអាមេរិក និងគោលនយោបាយ ការបរទេសរបស់ខ្លួន “ដែលត្រូវបានសម្គាល់ដោយការរំលោភ ច្បាប់អន្តរជាតិ” ។ សមាជិកសភារូបនេះ បានទទូចថា ប្រទេសអាល្លឺម៉ង់ ត្រូវតែទាមទារឱ្យដកកងកម្លាំង អាមេរិកដែលឈរជើងនៅលើទឹកដី របស់ខ្លួន រួមជាមួយនឹងអាវុធនុយក្លេអ៊ែរ របស់អាមេរិកផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Dagdelen បាននិយាយនៅក្នុង ព្រឹត្តិការណ៍សភា ដែលប្រារព្ធខួបលើកទី៧៥ នៃផែនការ Marshall ថា “បន្ទាប់ពី ៧៨ ឆ្នាំ នៅពេលនេះវាដល់ពេលដែលទាហាន អាមេរិកត្រូវត្រឡប់ទៅផ្ទះវិញហើយ” ។ សមាជិកសភាដែលជាសមាជិក គណៈកម្មាធិការកិច្ចការបរទេស របស់សភាបាននិយាយថា មូលដ្ឋានយោធា អាមេរិកធ្វើសកម្មភាព “ដូចជាតំបន់ក្រៅភពដែលរដ្ឋធម្មនុញ្ញ អាល្លឺម៉ង់ មិនអនុវត្ត” ។

លោកស្រី Dagdelen បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ប្រើប្រាស់មូលដ្ឋានរបស់ខ្លួន នៅលើទឹកដីអាល្លឺម៉ង់ ដើម្បីធ្វើសង្គ្រាមនៅបរទេស និងចាប់ផ្តើម “ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ខ្លាំងក្លា” ដោយបន្ថែមថាសកម្មភាពមួយចំនួននេះគឺ “បំពានច្បាប់អន្តរជាតិ” ។

លោកស្រី Sevim Dagdelen ក៏បានរិះគន់កិច្ចប្រជុំ របស់អង្គការណាតូជាទៀង ទាត់នៅឯមូលដ្ឋាន Ramstein របស់អាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលជំនួយយោធា ដល់ទីក្រុងគៀវត្រូវបានពិភាក្សា៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top