ព័ត៌មានអន្តរជាតិ

តម្លៃប្រេងឡើងថ្លៃ បន្ទាប់ពី OPec+ សន្យាកាត់បន្ថយទិន្នផលប្រេង ដើម្បីរក្សាស្ថេរភាពទីផ្សារ

បរទេស៖ តម្លៃប្រេងបានកើនឡើងនៅក្នុងការជួញដូរដំបូងនៅថ្ងៃចន្ទនេះ បន្ទាប់ពីអង្គការអ្នកផលិតប្រេង OPec+ បានសន្យាកាត់បន្ថយទិន្នផលប្រេងឆៅសរុបចំនួន ១,១៦ លានបារ៉ែលក្នុងមួយថ្ងៃកាលពីថ្ងៃអាទិត្យ។

ទាំងប្រេងឆៅប្រភេទ Brent ដែលជាសន្ទស្សន៍គោល សម្រាប់ប្រេង ២ភាគ៣ នៃពិភពលោក និង West Texas Intermediate ដែលជារង្វាស់ ដែលតាមដានប្រេងឆៅរបស់អាមេរិកបានលោតច្រើនជាង ៦ ភាគរយមុនពេលផ្តល់ការកើនឡើងមួយចំនួន ប៉ុន្តែនៅតែជួញដូរខ្លាំង។

ប្រេងប្រភេទ Brent បានកើនឡើង ៥,៥៧ ភាគរយ ហើយកំពុងជួញដូរនៅ ៨៤,៣៤ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ៦ និង ៣៧នាទី ព្រឹកម៉ោងនៅអេមីរ៉ាតអារ៉ាប់រួម ខណៈ WTI កើនឡើង ៥,៦៤ ភាគរយដល់ ៧៩,៩៤ ដុល្លារក្នុងមួយបារ៉ែល។

ក្រុមនៃប្រទេសផលិតប្រេងចំនួន ២៣ ដែលបានកាត់បន្ថយទិន្នផលរួមរបស់ខ្លួនចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំមុន ត្រូវបានគេរំពឹងថា នឹងប្រកាន់ខ្ជាប់នូវកម្រិតផលិតកម្ម ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំនាពេលខាងមុខរបស់ខ្លួននៅថ្ងៃចន្ទ។

អារ៉ាប៊ីសាអូឌីត និងអ្នកផលិតប្រេង OPEC + ផ្សេងទៀតបានប្រកាសកាត់បន្ថយការផលិតដោយស្ម័គ្រចិត្ត ដែលមានចំនួនប្រហែល ១,១៥លានបារ៉ែលក្នុងមួយថ្ងៃ ដោយហៅវាថាជា “វិធានការប្រុងប្រយ័ត្ន” ក្នុងគោលបំណងរក្សាស្ថិរភាពទីផ្សារ។

ក្រុមប្រទេសទាំង ២៣ ត្រូវបានគេរំពឹងថា នឹងប្រកាន់ខ្ជាប់នូវការកាត់បន្ថយចំនួន ២លានបារ៉ែលក្នុងមួយថ្ងៃ ដែលបានព្រមព្រៀងគ្នារួចហើយ នៅពេលដែលគណៈរដ្ឋមន្ត្រីរបស់ខ្លួន ដែលរួមមានអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ជួបប្រជុំគ្នានៅថ្ងៃចន្ទនេះ។

កាលពីខែតុលា អង្គការ OPEC+ ដែលរួមមានអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តចំនួន ១០ ដឹកនាំដោយរុស្ស៊ី បានយល់ព្រមលើការកាត់បន្ថយទិន្នផលចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែវិច្ឆិកា ដោយធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន ខឹងសម្បារដោយសារតែការផ្គត់ផ្គង់កាន់តែតឹងតែងជំរុញតម្លៃប្រេង។

សហរដ្ឋអាមេរិកបានអះអាងថា ពិភពលោកត្រូវការតម្លៃទាប ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងរារាំងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ពីការរកប្រាក់ចំណូលបន្ថែម ដើម្បីផ្តល់មូលនិធិដល់សង្រ្គាមអ៊ុយក្រែន។

ការកាត់បន្ថយការស្ម័គ្រចិត្ត ដែលមិនបានរំពឹងទុកនៅថ្ងៃអាទិត្យ ដែលចាប់ផ្តើមពីខែឧសភាមក បន្ថែមពីលើអ្វីដែលបានព្រមព្រៀងគ្នារួចហើយនៅក្នុងខែតុលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

ទីក្រុងរីយ៉ាដ បានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយទិន្នផលចំនួន ៥០ម៉ែនបារ៉ែលក្នុងមួយថ្ងៃ ខណៈដែលប្រទេសអ៊ីរ៉ាក់ នឹងកាត់បន្ថយការផលិតរបស់ខ្លួនចំនួន ២១១០០០បារ៉ែលក្នុងមួយថ្ងៃ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top