ព័ត៌មានអន្តរជាតិ

សមយុទ្ធយោធា បីប្រទេស រវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ចាប់ផ្តើម

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានចាប់ផ្តើម បើកប្រតិបត្តិការរៀបចំសមយុទ្ធយោធាហើយ ជាមួយនឹងប្រទេសកូរ៉េខាងត្បូង និងក៏ដូចជាប្រទេសជប៉ុនផងដែរ។

ប្រភពដដែលបានបញ្ជាក់ដែរថា ក្នុងនោះគេសង្កេតឃើញថានាវាផ្ទុកយន្តហោះចម្បាំង ដែលដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក គឺបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំឲ្យសមយុទ្ធយោធានេះ ដំណើរការទៅយ៉ាងរលូននិងគួរឲ្យទាក់ទាញបំផុត។

សមយុទ្ធយោធា ដែលមានការផ្តោតយកចិត្តទុកដាក់សំខាន់ទៅលើការគម្រាមកំហែង ដោយមីស៊ីលនិងនុយក្លេអ៊ែរពីសំណាក់ប្រទេសកូរ៉េខាងជើង ដូច្នេះនាវាផ្ទុកយន្តះចម្បាំងរបស់អាមេរិក ដែលមានសមត្ថភាពខ្លាំង ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងនាវាចម្បាំងផង និងមីស៊ីលផងនោះ បានដើរតួយ៉ាងសំខាន់។

ក្រសួងការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសកាលពីដើមសប្តាហ៍កន្លងមកនេះថា ប្រជាជាតិទាំង៣នឹងធ្វើការរៀបចំសមយុទ្ធយោធា ដែលមានរយៈពេល២ថ្ងៃ មានឈ្មោះថា Anti-Submarine Warfare training នៅក្នុងតំបន់ភាគខាងត្បូងនៃដែនកោះ Jeju របស់ប្រទេសកូរ៉េខាងត្បូង។

ទោះបីជាទីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នៅមិនទាន់ធ្វើការឆ្លើយតបណាមួយលើសមយុទ្ធនេះ ក៏ដោយកូរ៉េខាងជើងកន្លងមក បានថ្កោលទោសម្តងហើយម្តងទៀត នូវប្រតិបត្តិការស្រដៀងគ្នានេះថា ជាការរៀបចំសម្រាប់ការវាយប្រហារលើកូរ៉េខាងជើង ខណៈដែលទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបានធ្វើសមយុទ្ធជាច្រើនលើក ក្នុងប៉ុន្មានខែថ្មីៗនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top