តេអេរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានឲ្យដឹងថា សហរដ្ឋអាមេរិក ដែលជាសត្រូវដ៏សំខាន់នៃការបង្កើត រដ្ឋអ៊ីស្លាមរបស់អ៊ីរ៉ង់ កំពុងតែចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី។
លោកបានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាទៅកាន់ការប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ រួមទាំងប្រធានាធិបតីលោក Ebrahim Raisi ប្រធានសភាលោក Mohammad Baqer Qalibaf និងប្រធានតុលាការលោក Gholamhossein Mohseni-Ejei ក៏ដូចជាសមាជិកសភាក្នុងទីក្រុងតេអេរ៉ង់។
មេដឹកនាំអ៊ីរ៉ង់បានឲ្យដឹងថា ដោយផ្អែកលើការពិត សហរដ្ឋអាមេរិកបានចុះខ្សោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយពណ៌នារដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ថាជា “រដ្ឋាភិបាលអាមេរិក ដែលខ្សោយបំផុតក្នុងរយៈពេល ពីរទសវត្សរ៍កន្លងមកនេះ”។
លោកបានកត់សម្គាល់ថា ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន ស្វែងរកការបង្កើតរណសិរ្សអារ៉ាប់រួម ប្រឆាំងនឹងអ៊ីរ៉ង់ ភាពផ្ទុយគ្នាបានកើតឡើងនៅថ្ងៃនេះ នៅពេលដែលទំនាក់ទំនងរបស់អ៊ីរ៉ង់ ជាមួយរដ្ឋអារ៉ាប់ក្នុងតំបន់កំពុងពង្រីក។
លោក Khamenei បានលើកឡើងពីការបរាជ័យរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ តាមរយៈការដាក់សម្ពាធនយោបាយ និងការដាក់ទណ្ឌកម្មឡើងវិញ ដែលជាសញ្ញាមួយផ្សេងទៀតនៃការ ធ្លាក់ចុះអំណាចរបស់សហរដ្ឋអាមេរិក។

អាមេរិកបានបង្កជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែវាបានបង្កើតគម្លាតរវាងក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុប។ ទោះបីជាទីក្រុងវ៉ាស៊ីនតោន មើលឃើញអាមេរិកឡាទីនជា “ទីធ្លាខាងក្រោយរបស់ខ្លួន” ក៏ដោយ ក៏មានការប្រឆាំង អាមេរិកជាច្រើនដែរ។
លោកបានបន្ថែមថា សញ្ញាផ្សេងទៀតក៏ចង្អុលបង្ហាញពីការធ្លាក់ចុះនៃអំណាចរបស់សហរដ្ឋអាមេរិក រួមទាំងឱន ភាពថវិកាដ៏ធំរបស់សហរដ្ឋអាមេរិក ដែលស្មើនឹងប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួន ក៏ដូចជាការថយចុះនៃការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក្នុងពាណិជ្ជកម្មក្នុងចំណោមប្រទេសនានា៕
ប្រែសម្រួល ឈូក បូរ៉ា
