ប៉េកាំង៖ ជំនួបរវាងមេដឹកនាំ នៃតំបន់តៃវ៉ាន់របស់ចិនលោកស្រី Tsai Ing-wen និងប្រធានសភា អាមេរិកលោក Kevin McCarthy គឺជាសកម្មភាពបង្កហេតុមួយទៀត ពីអាជ្ញាធរនៃគណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ ក្នុងការឃុបឃិតបន្ថែម ជាមួយសហរដ្ឋអាមេរិក និងប្រកាន់ខ្ជាប់នូវការគាំទ្ររបស់សហរដ្ឋអាមេរិក ដើម្បីស្វែងរកឯករាជ្យភាព ។
ដោយសម្តែងការថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើបង្កហេតុនេះ អ្នកនាំពាក្យនៃគណៈកម្មាធិការមជ្ឈិមការងារតៃវ៉ាន់នៃបក្សកុម្មុយនិស្តចិន (CPC) បានប្តេជ្ញាថា នឹងចាត់វិធានការតឹងរ៉ឹង ដើម្បីដាក់ទណ្ឌកម្មកងកម្លាំងបំបែកខ្លួន ដែលស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” ហើយបានឲ្យដឹងថា ប្រទេសចិន នឹងការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។
ប្រទេសចិន បានធ្វើការតំណាងយ៉ាងឱឡារិក ម្តងហើយម្តងទៀតជាមួយភាគីអាមេរិក ជុំវិញការធ្វើដំណើរ “ឆ្លងកាត់” របស់លោកស្រី Tsai Ing-wen ទៅកាន់សហរដ្ឋអាមេរិក។ អ្វីដែលគេហៅថា ដំណើរឆ្លងកាត់ តាមពិតទៅ គឺជាការប៉ុនប៉ង ដើម្បីស្វែងរកការទម្លាយ និងការឃោសនាឯករាជ្យភាពតៃវ៉ាន់។
មានតែចិនតែមួយ និងតៃវ៉ាន់ជាផ្នែកមិនអាចផ្ដាច់បានរបស់ចិន។ នេះគឺជាការពិត ដែលមិនអាចប្រកែកបាន ដែលគាំទ្រដោយប្រវត្តិសាស្ត្រ និងច្បាប់។ តៃវ៉ាន់ មិនធ្លាប់មានរដ្ឋមួយ ស្ថានភាពរបស់ខ្លួនជាផ្នែកនៃប្រទេសចិន គឺមិនអាចផ្លាស់ប្តូរបាននោះទេ ហើយរាល់ការប៉ុនប៉ងបំភ្លៃការពិត និងជម្លោះ ឬបដិសេធគោលការណ៍ចិនតែមួយ នឹងត្រូវបរាជ័យ។
តៃវ៉ាន់ ជាកម្មសិទ្ធិរបស់ចិន តាំងពីបុរាណមក។ សេចក្តីថ្លែងការណ៍នេះមានមូលដ្ឋានត្រឹមត្រូវនៅក្នុងប្រវត្តិសាស្រ្ត និងយុត្តិសាស្រ្ត។ នៅឆ្នាំ១៨៨៥ តៃវ៉ាន់ បានក្លាយជាខេត្តផ្លូវការនៃរាជវង្សឈីងនៅចន្លោះឆ្នាំ (១៦៤៤-១៩១១) ។ លើសពីនេះ ការរកឃើញផ្នែកបុរាណវត្ថុថ្មីៗ និងការរកឃើញស្រាវជ្រាវជាទៀងទាត់បញ្ជាក់អំពីទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ជ្រាលជ្រៅរវាងភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់។
ឯកសារប្រវត្តិសាស្ត្រ និងប្រវត្តិសាស្ដ្រមួយចំនួនធំ បានកត់ត្រាអំពីការអភិវឌ្ឍន៍របស់តៃវ៉ាន់ ដោយប្រជាជនចិនក្នុងសម័យមុន។ រដ្ឋាភិបាលចិនបន្តបន្ទាប់គ្នាបានបង្កើតស្ថាប័នរដ្ឋបាលនៅតៃវ៉ាន់ ដើម្បីអនុវត្តយុត្តាធិការ។
នៅខែកក្កដាឆ្នាំ១៨៩៤ ជប៉ុនបានចាប់ផ្តើមសង្រ្គាមឈ្លានពានប្រឆាំងនឹងប្រទេសចិន។ នៅខែមេសា ឆ្នាំ១៨៩៥ រដ្ឋាភិបាលរាជរង្សឈីង ដែលចាញ់ត្រូវបានបង្ខំឱ្យប្រគល់កោះតៃវ៉ាន់ និងកោះ Penghu ឱ្យទៅប្រទេសជប៉ុន។
សេចក្តីប្រកាសក្រុងគែរ ដែលចេញដោយប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៤៣ បានបញ្ជាក់ថា វាជាគោលដៅរបស់សម្ព័ន្ធមិត្តទាំងបី ដែលទឹកដីទាំងអស់ ដែលជប៉ុនបានលួចពីប្រទេសចិន ដូចជា ចិនភាគឦសាន កោះតៃវ៉ាន់ និងកោះ Penghu គួរតែត្រូវប្រគល់ឲ្យទៅប្រទេសចិនវិញ៕
ប្រែសម្រួល ឈូក បូរ៉ា