វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងប្តឹងអតីតមេធាវីរបស់គាត់ ដោយទាមទារសំណងគិតជាទឹកប្រាក់ ចំនួន៥០០លានដុល្លារ អាមេរិក ដោយចោទប្រកាន់ថា បានបំពានលើកិច្ចសន្យា ។
លោក ដូណាល់ ត្រាំ បានថ្លែងថា លោក Michael Cohen បានបំពានកាតព្វកិច្ចរបស់គាត់ជាមេធាវី ដើម្បីធ្វើសកម្មភាពដើម្បីផលប្រយោជន៍ល្អបំផុត របស់កូនក្តីរបស់គាត់ ។
គួរបញ្ជាក់ថា បណ្តឹងនេះបានកើតឡើងស្របពេល មានការវាយប្រហារកាន់តែខ្លាំងឡើង ពីសម្ព័ន្ធមិត្តរបស់លោក ត្រាំ ទៅលើលោក Cohen ដែលជាសាក្សីដ៏សំខាន់ ក្នុងការស៊ើបអង្កេតនៅក្រុងញ៉ូវយ៉ក ទៅលើអតីតប្រធានាធិបតី ។
រដ្ឋអាជ្ញានៅ Manhattan កាលពីសប្តាហ៍មុន បានចោទប្រកាន់លោក ត្រាំ ពីបទក្លែងបន្លំទាក់ទងនឹងការបង់ប្រាក់យឺតយ៉ាវ ដល់តារាសិច ។
អ្នកនាំពាក្យ និងមេធាវីរបស់លោក Cohen គឺលោក Lanny Davis បានប្រាប់ដល់ទូរទស្សន៍ BBC ថា លោកមានទំនុកចិត្តថា បណ្តឹងប្រឆាំងនឹងកូនក្តីរបស់លោកនឹងបរាជ័យ ។
ចំណាត់ការផ្លូវច្បាប់ដែលបានដាក់នៅក្នុងតុលាការសហព័ន្ធរដ្ឋផ្លរីដា ក៏ចោទប្រកាន់លោក Cohen ផងដែរ ពីការធ្វើសេចក្តីថ្លែងការណ៍មិនត្រឹមត្រូវ បម្រើខ្លួនឯង និងព្យាបាទអំពីអតីតអតិថិជនរបស់គាត់ សមាជិកគ្រួសារ និងអាជីវកម្មរបស់គាត់ ។
លោក Cohen បានធ្វើការជាមេធាវីរបស់លោក ត្រាំ អស់រយៈពេលជាង១ទសវត្សរ៍ ។ គាត់ក៏ជាអនុប្រធាននៅអង្គការ ត្រំា ហើយជារឿយៗត្រូវបានគេពិពណ៌នាថា ជាអ្នកជួយរកដំណោះស្រាយដល់លោក ត្រាំ ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា