គៀវ៖ លោក Sergiy Nikolaychuk អនុប្រធានធនាគារជាតិ នៃអ៊ុយក្រែន (NBU) បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន គ្រោងនឹងទាក់ទាញ ជំនួយហិរញ្ញវត្ថុចំនួន ៤២ ពាន់លានដុល្លារ នៅឆ្នាំនេះ ដោយលោក Nikolaychuk បាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកនៅសហរដ្ឋអាមេរិកជាកន្លែង ដែលលោក បានជួបជាមួយមន្ត្រី IMF ។
លោក Nikolaychuk បានសង្កត់ធ្ងន់ថា “ការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ដៃគូរបស់យើង មានសារៈសំខាន់ខ្លាំងណាស់នៅក្នុងពេលវេលាដ៏លំបាកនេះ សម្រាប់អ៊ុយក្រែន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មន្ត្រីរូបនេះបានកត់សម្គាល់ថា ស្ថានភាពនៅក្នុងសេដ្ឋកិច្ចអ៊ុយក្រែន នៅឆ្នាំនេះមានភាពប្រសើរឡើង បើធៀបនឹងឆ្នាំ២០២២។ កាលពីខែមុន IMF បានអនុម័តការរៀបចំបន្ថែមរយៈពេល ៤៨ ខែសម្រាប់អ៊ុយក្រែន ដែលមានតម្លៃប្រហែល ១៥,៦ពាន់លានដុល្លារ។
កាលពីដើមខែនេះ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានលើកឡើងថា រដ្ឋាភិបាលរបស់លោកសង្ឃឹមថានឹងទទួលបាន ១១៥ពាន់លានដុល្លារជា ជំនួយរយៈពេលវែងពីដៃគូ៕
ប្រែសម្រួល ឈូក បូរ៉ា
