ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បង្ហាញផ្កាយរណប យោធាថ្មីរបស់ខ្លួន

បរទេស៖ ប្រទេសកូរ៉េខាងជើង និយាយថា ខ្លួនបានបញ្ចប់ការងារលើការងារផ្កាយរណបឈ្លបយកការណ៍ដំបូងរបស់ខ្លួន ហើយកំពុងរៀបចំសម្រាប់ការ បាញ់បង្ហោះដំបូងរបស់ខ្លួន ដោយសង្កត់ធ្ងន់លើតម្រូវការ ក្នុងការពង្រឹងសមត្ថភាពយោធារបស់ខ្លួន ចំពេលមានការគំរាមកំហែង ជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីបានទៅទស្សនាទីភ្នាក់ងារ អភិវឌ្ឍន៍អវកាសរបស់ប្រទេសមួយថ្ងៃមុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញផ្កាយរណបយោធាថ្មីកាលពីថ្ងៃអង្គារ ដោយនិយាយថា បច្ចេកវិទ្យានេះនឹងជួយពង្រឹង “ការរារាំងសង្គ្រាម” របស់ទីក្រុងព្យុងយ៉ាង ដែលបានផ្តល់ឱ្យ “ជំហរយោធាប្រឆាំងកូរ៉េខាងជើង” របស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ។

លោក គីម បាននិយាយនិងត្រូវបាន ដកស្រង់សម្តីដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ថា “នៅក្រោមកាលៈទេសៈទាំងនេះ វាគ្រាន់តែជារឿងធម្មជាតិសម្រាប់រដ្ឋ របស់យើងក្នុងការអភិវឌ្ឍការរារាំងយោធា ដែលសមស្របនឹងបរិយាកាស សន្តិសុខនាពេលបច្ចុប្បន្ន ហើយការទទួលបាន និងប្រតិបត្តិការមធ្យោបាយឈ្លបយកការណ៍យោធាមានសារៈសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព យោធារបស់យើង” ។

មេដឹកនាំបាននិយាយថា ការបាញ់បង្ហោះផ្កាយរណបចារកម្ម ដោយជោគជ័យ ដែលលោកបានហៅយ៉ាងសាមញ្ញថា “ផ្កាយរណបឈ្លប យកការណ៍យោធាលេខ១” បច្ចុប្បន្ន គឺជា “កិច្ចការចម្បងដ៏សំខាន់បំផុត” សម្រាប់យោធា ដោយកត់សម្គាល់ថា ការធ្វើដំណើរលើកដំបូង របស់ផ្កាយរណបនេះទៅកាន់ ទីអវកាសត្រូវបានកំណត់ពេលនៅចុងខែនេះ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top