ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អំពាវនាវឲ្យបណ្ដារដ្ឋម៉ូស្លីម រួបរួមគ្នាគាំទ្រប៉ាឡេស្ទីន ខណៈកំពុងរងការ ឈ្លានពានពីអ៊ីស្រាអែល

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងរដ្ឋមន្ត្រីការបរទេសលោក Hossein Amir-Abdollahian បានអំពាវនាវឱ្យមានសាមគ្គីភាពកាន់តែខ្លាំង ក្នុងចំណោមរដ្ឋមូស្លីមក្នុងការគាំទ្រប៉ាឡេស្ទីន។

លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងការ សន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំប្រទេសកាតាលោក Emir Sheikh Tamim bin Hamad Al Thani ដែលក្នុងនោះមេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាទ្វេភាគី និងតំបន់ផងដែរ។

ដោយថ្កោលទោស “ឧក្រិដ្ឋកម្ម” ថ្មីៗរបស់អ៊ីស្រាអែល ប្រឆាំងនឹងអ្នកគោរពបូជាប៉ាឡេស្ទីននៅវិហារអ៊ីស្លាម Al-Aqsa ក្នុងទីក្រុងយេរ៉ូសាឡឹមខាងកើតលោក Raisi បានកត់សម្គាល់ពីភាពចាំបាច់នៃ “សាមគ្គីភាព និងការសម្របសម្រួល” កាន់តែខ្លាំងក្នុងចំណោមរដ្ឋមូស្លីម ដើម្បីទប់ស្កាត់សកម្មភាពបែបនេះរបស់ជនជាតិអ៊ីស្រាអែល។

ប្រធានាធិបតីអ៊ីរ៉ង់បានលើកឡើងថា ការពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង គឺជាអាទិភាពគោលនយោបាយការបរទេសរបស់អ៊ីរ៉ង់ ដោយកត់សម្គាល់ថាការធានាការអភិវឌ្ឍន៍ ក្នុងតំបន់ពឹងផ្អែកលើកិច្ចសន្ទនា អន្តរកម្ម និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់។

សម្រាប់ផ្នែករបស់លោក អធិរាជកាតា បានលើកឡើងពីជំហរ “មិនផ្លាស់ប្តូរ” នៃប្រទេសរបស់លោក ក្នុងការគាំទ្រប្រជាជន “ជិះជាន់” ប៉ាឡេស្ទីន និងការថ្កោលទោសចំពោះ “ការឈ្លានពាន” របស់អ៊ីស្រាអែល ប្រឆាំងនឹងពួកគេ។

នៅក្នុងការហៅទូរស័ព្ទមួយផ្សេងទៀតនៅថ្ងៃដដែល ជាមួយសមភាគីហ្សកដានីលោក Ayman Safadi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការរួបរួម របស់ពិភពលោកមូស្លីមប្រឆាំងនឹងអ៊ីស្រាអែល និងដើម្បីការពារសិទ្ធិរបស់ប្រទេសប៉ាឡេស្ទីន៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top