ព័ត៌មានអន្តរជាតិ

អេស្បាញ នឹងបញ្ចួនរថក្រោះ Leopard 2A4 ចំនួន ៦គ្រឿងទៅកាន់ ប្រទេសអ៊ុយក្រែន ក្នុងរយៈពេល ប៉ុន្មានថ្ងៃខាងមុខ

បរទេស៖ រដ្ឋមន្ត្រីការបរទេសអេស្បាញ លោក Jose Manuel Albares បានប្រាប់ក្រុមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលទីក្រុង Madrid នឹងបញ្ចួនរថក្រោះ Leopard 2A4 ចំនួន ៦គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងលោក Albares បាន​បន្ថែម​ថា រថក្រោះ​៤គ្រឿង​ដែល​នៅ​សល់​នឹង​ត្រូវ​បញ្ជូន​ទៅ​អ៊ុយក្រែន ​នៅ​ពេល​ក្រោយ។

លោក Albares បានកត់សម្គាល់ថា “យើងនឹងគាំទ្រអ៊ុយក្រែន ឱ្យបានយូរតាមដែលវាត្រូវការ” ។

នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sanchez បានសន្យាថានឹងនាំយករថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ចំនួន ១០គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងដែលលោកបានធ្វើទស្សនកិច្ច ទៅកាន់ទីក្រុងគៀវកាលពីខែកុម្ភៈ។

នៅដើមខែមេសា រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ Margarita Robles បាននិយាយថា រដ្ឋាភិបាលអេស្ប៉ាញ នឹងបញ្ជួនរថក្រោះ Leopard 2A4 ចំនួន៦គ្រឿងទៅកាន់អ៊ុយក្រែន នៅក្នុងពាក់កណ្តាលទីពីរនៃខែនេះ។

លោករដ្ឋមន្ត្រីបានបន្ថែមថា សេវាកម្មកងទ័ពអេស្បាញ កំពុងធ្វើការលើការ នាំយករថក្រោះចំនួនបួនបន្ថែមទៀត ចូលទៅក្នុងការត្រៀមខ្លួនប្រយុទ្ធ។

សូមជម្រាបថា ប្រទេសលោកខាងលិចបាន នឹងកំពុងផ្គត់ផ្គង់ដល់ទីក្រុងគៀវ នូវប្រព័ន្ធសព្វាវុធជាច្រើនប្រភេទ រួមទាំងមីស៊ីលការពារដែនអាកាស ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតជាច្រើន រថក្រោះ កាំភ្លើងធំ និងកាំភ្លើងប្រឆាំងយន្តហោះ ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមប្រតិបត្តិការ យោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ជាងមួយឆ្នាំមុន។ វិមានក្រឹមឡាំង បានព្រមានម្តងហើយម្តងទៀត ប្រឆាំងនឹងការបញ្ជូនអាវុធ បន្ថែមទៀតទៅក្រុងគៀវ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top