បរទេស៖ ពាណិជ្ជកររុស្ស៊ី ជាច្រើននាក់បានឃើញប្រាក់ចំណេញ របស់ពួកគេកើនឡើងកាលពីឆ្នាំមុន បើទោះបីជាមានសម្ពាធ នៃទណ្ឌកម្មរបស់លោកខាងលិច និងស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ច ពិភពលោកយ៉ាងណាក៏ដោយ, នេះបើតាម ទស្សនាវដ្តី Forbes បានរាយការណ៍កាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា បញ្ជីឈ្មោះមហាសេដ្ឋីរុស្ស៊ី ចុងក្រោយបង្អស់របស់ទស្សនាវដ្តី Forbes ឥឡូវនេះរួមមាន ១១០ឈ្មោះ បើប្រៀបធៀបទៅនឹងឆ្នាំមុន មាន ៨៨ ។ ពាណិជ្ជករដែលអាចឈានដល់កម្រិត ក្លាយជាមហាសេដ្ឋីបានធ្វើដូច្នេះដោយសារការ ស្ទុះងើបឡើងវិញនៃទីផ្សារភាគហ៊ុនរបស់ប្រទេស។ ភាគហ៊ុនក្នុងស្រុកដំបូងបានដួលរលំភ្លាមៗ បន្ទាប់ពីការចាប់ផ្តើម ប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន ប៉ុន្តែក្រោយមកបានស្ទុះងើបឡើងវិញ ខណៈដែលសេដ្ឋកិច្ច បានកែសម្រួលបន្តិចម្តងៗ ទៅនឹងទណ្ឌកម្មរបស់លោកខាងលិច។
ទ្រព្យសម្បត្តិរួមរបស់ជនជាតិរុស្ស៊ី នៅក្នុងចំណាត់ថ្នាក់ថ្មីរបស់ទស្សនាវដ្តី Forbes បានកើនឡើងពី ៣៥៣ពាន់លានដុល្លារដល់ ៥០៥ពាន់លានដុល្លារចាប់ តាំងពីខែមីនាឆ្នាំមុន។ មហាសេដ្ឋីជោគជ័យបំផុតទាំង ១០ រូប បានបង្កើនទ្រព្យសម្បត្តិ របស់ពួកគេចំនួន ៧៧,៤ ពាន់លានដុល្លារ។ ក្នុងចំណោមអ្នកដែលមានវត្តមាន នៅក្នុងចំណាត់ថ្នាក់កាលពីឆ្នាំមុន និងឆ្នាំនេះ មហាសេដ្ឋី ៥៨នាក់បានឃើញទ្រព្យសម្បត្តិ របស់ពួកគេកើនឡើង សរុបចំនួន ១៤០,៣ ពាន់លានដុល្លារ។
Andrey Melnichenko ដែលអាជីវកម្មរបស់ពួកគេរួមមានអ្នកផលិតជី EuroChem និងអ្នកផលិតធ្យូងថ្ម SUEK គឺជាអ្នកឈ្នះដ៏ធំបំផុត ដោយបានឈរនៅលើកំពូលតារាង Forbes របស់រុស្ស៊ីជាលើកដំបូង។ ទ្រព្យសម្បត្តិ របស់គាត់បានកើនឡើង ទ្វេដងចាប់តាំងពីខែមីនាឆ្នាំមុន ដោយបានកើនឡើងពី ១១,១ ពាន់លានដុល្លារ ដល់ ២៥,២ ពាន់លានដុល្លារ។
ទោះយ៉ាងណាក៏ដោយ ក៏មានអ្នកដែលមានទ្រព្យសម្បត្តិ ធ្លាក់ចុះពេញមួយឆ្នាំផងដែរ។ អ្នកជំនួញចំនួន ១៣ នាក់បានបាត់បង់ទឹកប្រាក់សរុបចំនួន ៨,៥ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។ ខណៈពេលដែលការដាក់ទណ្ឌកម្ម ប៉ះពាល់ដល់ពួកគេមួយចំនួន អ្នកដែលមានទ្រព្យសម្បត្តិសំខាន់ៗ ជាច្រើនដែលមានទីតាំងនៅបរទេស ក៏បានមើលឃើញថាទ្រព្យសម្បត្តិ របស់ពួកគេធ្លាក់ចុះដោយសារការ ធ្លាក់ចុះនៃសន្ទស្សន៍ S&P និង Nasdaq ។
Forbes កត់សំគាល់ថា ការដំឡើងអត្រាការប្រាក់របស់ Federal Reserve របស់សហរដ្ឋអាមេរិក និងបច្ចេកវិទ្យាដ៏ធំដែល កំពុងតែធ្លាក់ចុះ ក៏មានផលប៉ះពាល់ផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា