ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ចេញរថក្រោះ ថ្មីបំផុតរបស់ខ្លួន T-14 Armata ចូលសមរភូមិនៅ អ៊ុយក្រែន

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពមួយថា រថក្រោះចម្បាំង T-14 Armata ទំនើបបំផុតរបស់រុស្ស៊ី ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធជាមួយទាហានអ៊ុយក្រែន។

ដំណឹង​នេះ​កើត​ឡើង​ខណៈ​ ក្រុង​គៀវកំពុង​រៀបចំ​ផែនការ​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់​ ប្រឆាំង​នឹង​កម្លាំង​របស់​ក្រុង​ម៉ូស្គូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមប្រភពព័ត៌មានថា “កងកម្លាំងរុស្ស៊ី បានចាប់ផ្តើមប្រើរថក្រោះ Armata ថ្មីបំផុតដើម្បីបាញ់នៅទីតាំងអ៊ុយក្រែន” ដោយបន្ថែមថា រថក្រោះ “មិនទាន់បានចូលរួមក្នុងសកម្មភាព វាយប្រហារដោយផ្ទាល់នៅឡើយទេ” ។

យោងតាមប្រភពដដែល រថក្រោះ T-14 ត្រូវបានបំពាក់ជាមួយនឹងការ ការពារបន្ថែមពីគ្រាប់បែកប្រឆាំងរថក្រោះ។
នាវិករថក្រោះបានធ្វើការហ្វឹកហាត់នៅក្នុងសាធារណរដ្ឋ Donbass ដែលទើបដាក់បញ្ចូលថ្មីរបស់រុស្ស៊ីតាំងពីឆ្នាំ ២០២២។

សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk បានបោះឆ្នោតឱ្យក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី ក្នុងខែកញ្ញាឆ្នាំ ២០២២។ តំបន់ទាំងពីរបានបំបែកចេញពីអ៊ុយក្រែន បន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ នៅក្នុងទីក្រុងគៀវ។

កាលពីខែកុម្ភៈ វីដេអូមួយត្រូវបានបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញឱ្យឃើញពីរថក្រោះ T-14 បាញ់កាំភ្លើង ១២៥មីលីម៉ែត្ររបស់ខ្លួន “នៅក្នុងតំបន់នៃប្រតិបត្តិការយោធាពិសេស [នៅអ៊ុយក្រែន]” ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top