ព័ត៌មានអន្តរជាតិ

មេបញ្ជាការរុស្សី ម្នាក់ត្រូវបានចាប់ខ្លួន ក្រោយរកឃើញថា បានលួចលក់ម៉ាស៊ីនរថក្រោះ

បរទេស៖ កាលពីពេលថ្មីៗនេះមន្ត្រីកំពូលយោធាម្នាក់ ត្រូវបានចាប់ខ្លួនក្រោយរកឃើញថា បានលួចលក់ម៉ាស៊ីនចេញពីរថក្រោះប្រភេទ T-90 ដែលជារថក្រោះប្រយុទ្ធជួរមុខរបស់រុស្សី ជាច្រើនគ្រឿង។

កាសែតក្នុងស្រុក The Kommersant បានរាយការណ៍នៅថ្ងៃនេះបាន ឲ្យដឹងថាមេបញ្ជាការរុស្សី ដែលត្រូវបានស្គាល់ឈ្មោះថា Alexander Denisov ត្រូវបានចោទប្រកាន់ថា បានលួចយកម៉ាស៊ីនប្រភេទ V-92S2 ចំនួន៧គ្រឿងទៅលក់បាន ២០,៥លានរូបលឬប្រមាណជា ២០ម៉ឺននផោនរវាងពីខែ វិច្ឆិកា ឆ្នាំ២០២១ទៅដល់ខែ មេសា ឆ្នាំ២០២២។

មេបញ្ជាការ Denisov ដែលជាមន្ត្រីទទួលបន្ទុកកិច្ចការងារ គាំទ្រលើបច្ចេកទេសនៅកងកម្លាំងការពារជាតិ ស្ថិតនៅប៉ែកខាងត្បូងប្រទេស និងត្រូវបានចាប់ឃាត់ខ្លួនតាំងតែ ពីខែមុមកម្ល៉េះនៅក្បែរទៅនឹងតំបន់ Rostov ដែលស្ថិតនៅភាគខាងត្បូងប្រទេសរុស្សី។

គួរឲ្យដឹងដែរថាម៉ាស៊ីនរថក្រោះនីមួយៗ មានទំងន់ប្រមាណជា ១តោននិងអាចបង្កើតកម្លាំងថាមពលដល់ទៅ ១០០០សេះហើយម៉ូដេល V-92S2 ត្រូវបានបង្ហាញខ្លួនដំបូងកាលពី ឆ្នាំ២០០០និងត្រូវបានចាត់ទុកថា ជាម៉ាស៊ីនដ៏មានកម្លាំងខ្លាំងបំផុតមួយ ក្នុងជួរកងទ័ពរុស្សី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top