ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បាញ់ទម្លាក់មីស៊ីលរុស្ស៊ីបាន ១៥ គ្រាប់

គៀវ៖ អ៊ុយក្រែនបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញមីស៊ីលចំនួន ១៥ ក្នុងចំណោម ១៨ គ្រាប់ដែលត្រូវបានបាញ់ដោយកងកម្លាំងរុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូ បានបង្កើនការវាយប្រហារលើប្រទេសជិតខាង របស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធលោក Valeriy Zaluzhnyi បាននិយាយនៅលើប៉ុស្តិ៍ Telegram របស់លោកថា “នៅម៉ោងប្រហែល២ និង ៣០នាទីព្រឹកថ្ងៃច័ន្ទនេះ រុស្ស៊ី បានឈ្លានពានដោយវាយប្រហារអ៊ុយក្រែន ពីយន្តហោះអាកាសចរណ៍យុទ្ធសាស្ត្រ” ។

មន្ត្រីនៅទីក្រុងគៀវ បានឲ្យដឹងថា គ្មានការស្លាប់ និងរបួសរបស់ជនស៊ីវិល ឬការបំផ្លិចបំផ្លាញអគារលំនៅដ្ឋាន ឬហេដ្ឋារចនាសម្ព័ន្ធត្រូវបានកត់ត្រាភ្លាមៗនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។

កាំជ្រួច​ទាំងអស់​ដែល​តម្រង់​មក​កាន់​រដ្ឋធានី​អ៊ុយក្រែន ​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​អ្វី​ដែល​គេ​និយាយ​ថា​ ជា​ការ​វាយ​ប្រហារ​លើក​ទី​ពីរ​លើ​ក្រុង​គៀវ​ក្នុង​រយៈពេល 3​ថ្ងៃ។ ក្រុមមន្ត្រីបានឲ្យដឹងថា ប្រព័ន្ធការពារអាកាសក៏ត្រូវបានអំពាវនាវ ឱ្យធ្វើសកម្មភាពដើម្បីការពារតំបន់គៀវ ដែលជាអង្គភាពរដ្ឋបាលដាច់ដោយឡែកពីរដ្ឋធានី។

លោក Oleksandr Prokudin នៃរដ្ឋបាលយោធាសម្រាប់តំបន់ Kherson បានឲ្យដឹងថា “ក្នុងរយៈពេលមួយថ្ងៃកន្លងមក ខ្មាំងបានបាញ់ផ្លោងចំនួន ៣៩គ្រាប់ ដោយបានបាញ់ផ្លោងចំនួន ១៦៣ គ្រាប់ពីកាំភ្លើងធំធុនធ្ងន់ Grads និងគ្រាប់រ៉ុក្កែតច្រើនប្រភេទ និងយន្តហោះដ្រូន UAVs “។

ប្រទេសរុស្ស៊ីនៅតែគ្រប់គ្រងផ្នែកមួយនៃតំបន់ Kherson ប៉ុន្តែបានដកខ្លួនចេញពីរដ្ឋធានីក្នុងតំបន់ ដែលមានឈ្មោះដូចគ្នានៅក្នុងខែវិច្ឆិកា។ មន្ត្រីនៃក្រុមប្រឹក្សាតំបន់បានបញ្ជាក់ថា មីស៊ីលរបស់​រុស្ស៊ី​ ក៏​បាន​បាញ់​ចំ​កណ្តាល​ក្រុង Dnipro ដែរ។ ក្រុមមន្ត្រីការពារដែនអាកាស បានបាញ់ទម្លាក់កាំជ្រួចចំនួន ៧ ប៉ុន្តែមនុស្ស ២៥នាក់បានស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top