សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងជើង បានរិះគន់ទៅលើកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ ដើម្បីជំរុញការដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ សម្រាប់ការបង្កើនភាពតានតឹងដល់ “មាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរ” ។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានបើកកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុន ក្នុងអំឡុងពេលដែលលោក បៃដិន បានសន្យាថា នឹងផ្តល់ឱ្យទីក្រុងសេអ៊ូល នូវការយល់ដឹងបន្ថែមទៀតអំពីផែនការនុយក្លេអ៊ែរ របស់ខ្លួនជុំវិញជម្លោះណាមួយជាមួយកូរ៉េខាងជើង នៅគ្រាដែលការព្រួយបារម្ភកើនឡើងចំពោះកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង និងឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ។
មេដឹកនាំទាំង ២បានយល់ព្រមពង្រឹងការការពាររបស់កូរ៉េខាងត្បូង និងដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិកជាប្រចាំ ដែលនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដែលមាននាវាមុជទឹកបាញ់មីស៊ីលឆ្លងទ្វីប របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ជាលើកដំបូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ។
ទីភ្នាក់ងារ KCNA បានផ្សព្វផ្សាយថា កិច្ចព្រមព្រៀងបានចែងពីឆន្ទៈ របស់សម្ព័ន្ធមិត្តក្នុងការចាត់វិធានការ “ជាអរិភាព និងឈ្លានពានដ៏ខ្លាំងក្លា” ប្រឆាំងនឹងកូរ៉េខាងជើង ដោយលើកឡើងពីលោក Choe Ju Hyon ដែលខ្លួនបានពិពណ៌នាថា ជាអ្នកវិភាគសន្តិសុខអន្តរជាតិ ។
ស្ថាប័ននេះបានឲ្យដឹងថា ការឈរជើងនៃទ្រព្យសម្បត្តិយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក បានធ្វើឱ្យស្ថានភាពឧបទ្វីបកូរ៉េ ស្ថិតក្នុង “អស្ថិរភាព” ហើយមានបំណងបង្កើត “ប្លុកយោធាឈ្លានពាន និងផ្តាច់មុខ” នៅក្នុងតំបន់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា