បរទេស៖ អ្នកជំនាញយោធាក្រូអាតដ៏លេចធ្លោម្នាក់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយស៊ីនហួថា ការកើនឡើងនៃការចំណាយផ្នែកយោធា នៅក្នុងទ្វីបអឺរ៉ុប កាលពីឆ្នាំមុនមិនបានធ្វើឱ្យប្លុកនេះ មានសុវត្ថិភាពនោះទេ ។
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកហូម (SIPRI) បានឲ្យដឹងនៅក្នុងរបាយការណ៍ មួយដែលបានចេញផ្សាយនៅថ្ងៃទី២៤ ខែមេសាថា ការចំណាយលើផ្នែកយោធាសកល បានកើនឡើង ៨ឆ្នាំជាប់គ្នាក្នុងឆ្នាំ២០២២ ដល់កម្រិតខ្ពស់បំផុតគ្រប់ពេលវេលាគឺ ២២៤០ ពាន់លានដុល្លារ។
ប្រភពពី SIPRI គូសបញ្ជាក់ថា ការកើនឡើងយ៉ាងខ្លាំងនៃ ការចំណាយត្រូវបានគេមើលឃើញនៅអឺរ៉ុប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
លោក Marinko Ogorec អតីតបេសកជនយោធាដំបូងរបស់ប្រទេសក្រូអាត ប្រចាំនៅរុស្ស៊ី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ិនហួឲ្យដឹងថា “និយាយឱ្យត្រង់ទៅ ការចំណាយយោធាកាន់តែច្រើន មានន័យថាមានសុវត្ថិភាពតិចជាងមុន”។
លោក Ogorec ដែលឥឡូវនេះជាប្រធាននាយកដ្ឋានប្រព័ន្ធការពារជាតិ និងបច្ចេកវិទ្យានៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រព័ន្ធ ការពាររបស់ប្រទេសក្រូអាស៊ី បានលើកឡើងថា ការកើនឡើងនៃការចំណាយយោធានៅទូទាំងទ្វីបអឺរ៉ុបកាលពីឆ្នាំមុនពិតជា “បង្កើនលទ្ធភាពនៃការកើនឡើង ដែលជាលំហូរចេញនៃអាវុធ និងគ្រាប់រំសេវ ពីឃ្លាំង”។
លោកបានបន្ដថា ទន្ទឹមនឹងនោះ ជំនួយយោធាដល់អ៊ុយក្រែន និងក្តីបារម្ភជុំវិញការគំរាមកំហែងកាន់តែខ្លាំងពីរុស្ស៊ី បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការសម្រេចចិត្ត ចំណាយរបស់រដ្ឋជាច្រើនទៀត៕ ប្រែសម្រួល ឈូក បូរ៉ា

