សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរិះគន់វោហាសាស្ត្រ “ភាពស្របច្បាប់” ស្តីពីការដាក់ពង្រាយ ទ្រព្យសម្បត្តិយុទ្ធសាស្ត្រនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក ទៅកាន់ឧបទ្វីបកូរ៉េ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឲ្យដឹងនៅក្នុងអត្ថាធិប្បាយមួយថា “ការដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្រនុយក្លេអ៊ែរ ដែលរៀបចំដោយសហរដ្ឋអាមេរិក គឺជាប្រភពដ៏អាក្រក់នៃភាពតានតឹង ដែលមិនធ្លាប់មាននៅលើឧបទ្វីបកូរ៉េ” ។
ការអត្ថាធិប្បាយបានឲ្យដឹងថា វោហាសាស្ត្រអាមេរិក-កូរ៉េខាងត្បូង មានចេតនាពីរ។
ទីមួយគឺ “គេចចេញពីការទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មទាក់ទងនឹងនុយក្លេអ៊ែរ ដ៏អាក្រក់បំផុត ដែលមិនធ្លាប់មានពីមុនមក ដែលខ្លួន (សហរដ្ឋអាមេរិក) បានប្រព្រឹត្តដោយការបំផ្លាញ និងរំលោភលើប្រព័ន្ធមិនរីកសាយភាយនុយក្លេអ៊ែរ ជាប្រព័ន្ធ ហើយជាពិសេសការជំរុញ ឱ្យស្ថានការណ៍ឧបទ្វីបកូរ៉េ ឈានដល់កម្រិតទាបនៃសង្គ្រាមនុយក្លេអ៊ែរ តាមរយៈការបង្កើតប្លុកយោធាដ៏ឈ្លានពាន និងផ្តាច់មុខ និងការរីកសាយអាវុធនុយក្លេអ៊ែរ ដែលគំរាមកំហែងដល់អត្ថិភាពរបស់មនុស្ស។
បំណងទីពីរត្រូវបានបង្ហាញថា ជាការរចនាដើម្បីបំភាន់ “ភាពស្របច្បាប់” នៃការដាក់ពង្រាយជាប្រចាំនៃនាវាមុជទឹកនុយក្លេអ៊ែរ យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅជិតឧបទ្វីបកូរ៉េ ហើយដូច្នេះបង្កើត “យុត្តិកម្មផ្លូវច្បាប់” សម្រាប់បើកចំហដោយបើក ចំហនូវទ្រព្យសម្បត្តិយុទ្ធសាស្ត្រ ដ៏ធំរបស់ខ្លួននៅទីនោះនាពេលអនាគត។
អត្ថបទនេះបានឲ្យដឹងថា “វាគឺជាគោលបំណងដ៏អាក្រក់អនុត្តរភាព ដែលអាមេរិកបានអនុវត្ត ដើម្បីប្រែក្លាយកូរ៉េខាងត្បូង ទាំងមូលទៅជាទីតាំងសង្គ្រាមនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់ខ្លួននៅក្នុងតំបន់ឆ្ងាយបូព៌ា ហើយប្រើប្រាស់វាយ៉ាងមានប្រសិទ្ធភាព សម្រាប់ការសម្រេចបាននូវយុទ្ធសាស្ត្រ របស់ខ្លួនសម្រាប់គ្រប់គ្រងពិភពលោក”។
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍របស់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ដែលបានប្រកាសពីការ បង្កើតក្រុមប្រឹក្សានុយក្លេអ៊ែរថ្មី និងដំណើរទស្សនកិច្ចនាពេលខាងមុខនៃ នាវាមុជទឹកនុយក្លេអ៊ែរបស់សហរដ្ឋអាមេរិក ទៅកាន់កូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងអ្វីដែលគេហៅថា “ការរារាំង”៕ ប្រែសម្រួល ឈូក បូរ៉ា