បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានសរសេរថា ប្រទេសរុស្សីបានបើកការវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់កាល ពីព្រឹកថ្ងៃអង្គារម្សិលមិញសំដៅរដ្ឋធានីក្រុងគៀវ។
សេចក្តីប្រកាសអះអាងដែលបានធ្វើឡើងដោយភាគីអ៊ុយក្រែន បានបញ្ជាក់ទៀតថាយន្តហោះទំលាក់គ្រាប់បែក ប្រភេទ Tu-95 ចំនួន៤គ្រឿងបានបើកការបាញ់មីស៊ីល ចំនួនដល់ទៅ១៥គ្រាប់ពីតំបន់សមុទ្រ Caspian ដែលមីស៊ីលទាំងនោះ ត្រូវបានគេស្គាល់ថាជាប្រភេទមីស៊ីល Kh-101។
ការវាយប្រហារដោយមីស៊ីលសាជាថ្មីម្តងទៀតនេះបានធ្វើឡើង នៅក្រោយពេលដែលមានការវាយ ប្រហារដោយ យន្តហោះ ដ្រូនរបស់រុស្សីកាលពីថ្ងៃចន្ទមុននេះមួយថ្ងៃជាមួយ នឹងចំនួននៃការវាយប្រហារកើនឡើង ដល់កំណត់ត្រានោះផងដែរ។

ទោះបីជាយ៉ាងណាក្តីមេបញ្ជាការអ៊ុយក្រែនបានអះអាងថា មីស៊ីលរបស់រុស្សីទាំងអស់ត្រូវបានបាញ់ទំលាក់ ទាំងអស់ និងគ្មានរបាយការណ៍អំពីការស្លាប់និងរបួសឬការ បំផ្លិចបំផ្លាញណាមួយពីការវាយប្រហារ នេះនោះដែរ។
លោកអភិបាលក្រុងគៀវ Vitaly Klitschko បានសរសេរនៅលើបណ្តាញសង្គម Telegram ថាបំណែកមីស៊ីលដែល បាញ់ធ្លាក់ បានហោះទៅប៉ះលំនៅដ្ឋានពលរដ្ឋនៅភាគខាងត្បូង និងខាងលិចនៃទីក្រុងគៀវ ប៉ុន្តែមិនបង្កឲ្យប៉ះពាល់ ឬរបួសណាមួយឡើយ៕
ប្រែសម្រួល៖ស៊ុនលី
