ព័ត៌មានអន្តរជាតិ

ពលរដ្ឋកូរ៉េខាងត្បូង កំពុងព្រួយបារម្ភចំពោះការសាងសង់ ទីតាំង​បាញ់​ប្រហារ​យោធា​អាមេរិក ​ពីសំឡេងរំខាន និងសុវត្ថិភាព

សេអ៊ូល៖ ទូរទស្សន៍ក្នុងស្រុក KBS បានរាយការណ៍ថា ការសាងសង់កន្លែងបាញ់ប្រហារ ដែលប្រើប្រាស់ដោយកងកម្លាំងសហរដ្ឋអាមេរិក កូរ៉េ (USFK) នៅទីក្រុង Changwon ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង ដោយគ្មានការជូនដំណឹងជាមុន ដល់អាជ្ញាធរក្នុងតំបន់បានបង្កើនការ ព្រួយបារម្ភអំពីហានិភ័យនៃសំឡេង និងសុវត្ថិភាពក្នុងចំណោមប្រជាជនក្នុងតំបន់។

យោងតាមរបាយការណ៍របស់ KBS កាលពីថ្ងៃព្រហស្បតិ៍ ការងារកាប់ឈើបានចាប់ផ្តើមនៅក្នុងខែមីនា នៅលើភ្នំមួយក្នុងទីក្រុង Changwon ចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីសេអ៊ូល ហើយការបាញ់ប្រហារនឹងត្រូវបញ្ចប់ក្នុងរយៈពេល ២ឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារអគារផ្ទះល្វែងដែលមានជាង ១១០០យូនីត មជ្ឈមណ្ឌលផ្សារទំនើប និងសួនឧស្សាហកម្មត្រូវបានប្រមូលផ្តុំក្នុងរង្វង់កាំ ១,៥ គីឡូម៉ែត្រពីកន្លែងបាញ់ប្រហារ អ្នករស់នៅក្បែរនោះមានការ ព្រួយបារម្ភយ៉ាងខ្លាំងអំពីសំឡេងរំខាននៅកន្លែង និងហានិភ័យនៃគ្រោះថ្នាក់សង្គ្រោះបន្ទាន់។

របាយការណ៍​បាន​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ដឹង​ពី​គម្រោង​នេះ​ទេ រហូត​ដល់​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ពី​ការ​តវ៉ា។ អ្នក​ស្រុក​បាន​លើក​ញត្តិ​នៅ​គេហទំព័រ​របស់​រដ្ឋាភិបាល​ក្រុង ដោយ​ទាមទារ​ឲ្យ​បិទ​ទីតាំង​នេះ​ជា​បន្ទាន់។ អ្នកស្រុកម្នាក់បានសរសេរនៅលើ គេហទំព័ររបស់រដ្ឋាភិបាលទីក្រុងថា “ការពិតដែលថារដ្ឋាភិបាលទីក្រុង មិនបានដឹងអំពីរឿងនេះ ពិតជាគួរឱ្យអស់សំណើចណាស់”។

ដោយមើលឃើញពីការ ព្រួយបារម្ភរបស់អ្នកស្រុកអំពីសំឡេងរំខាន និងគ្រោះថ្នាក់ដែលអាចកើតមាន រដ្ឋាភិបាលទីក្រុង Changwon បានឲ្យដឹងថា ខ្លួននឹងលើកឡើងពីការព្រួយបារម្ភបែបនេះ ដល់ក្រសួងការពារជាតិ និងជំរុញឱ្យមានវិធានការ ដើម្បីការពារឧប្បត្តិហេតុបែបនេះកុំឱ្យកើតមានឡើង៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top