ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ត្រៀមខ្លួនជួយពង្រឹង វិស័យការពារជាតិរបស់ស៊ីរី

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា មន្ត្រីយោធាកំពូលរបស់អ៊ីរ៉ង់ កាលពីថ្ងៃពុធបានសម្តែងការត្រៀមខ្លួនរបស់ប្រទេសលោក ក្នុងការពង្រឹងវិស័យការពារជាតិរបស់ប្រទេសស៊ីរី។

លោក Mohammadreza Ashtiani រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ និងលោក Mohammad Baqeri ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានជួបដាច់ដោយឡែកជាមួយលោក Abdel Karim Mahmoud Ibrahim ប្រធានអគ្គសេនាធិការស៊ីរី ដែលកំពុងបំពេញទស្សនកិច្ច នៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធ។

លោក Ashtiani បានបង្ហាញពីការត្រៀមខ្លួនរបស់អ៊ីរ៉ង់ ក្នុងការប្រើប្រាស់សមត្ថភាព និងសមត្ថភាពរបស់ខ្លួនក្នុងការកសាងឡើងវិញ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ឧស្សាហកម្មការពារជាតិស៊ីរី។

លោកបានលើកឡើងថា ទំនាក់ទំនងទ្វេភាគីស្ថិតក្នុងកម្រិតមួយដ៏ល្អ ដែលជាលទ្ធផលនៃសម្ព័ន្ធភាពជាយុទ្ធសាស្ត្រ និងជាបងប្អូនរវាងរដ្ឋទាំងពីរ។

ចំណែក​ឯ​មន្ត្រី​យោធា​ស៊ីរី​វិញ​បាន​លើក​ឡើង​ពី​ភាព​ចាំបាច់​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី​លើ​គ្រប់​វិស័យ ជាពិសេស​ក្នុង​វិស័យ​យោធា និង​ការពារជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងកិច្ចប្រជុំមួយផ្សេងទៀត លោក Baqeri បានពិភាក្សាជាមួយមន្ត្រីស៊ីរី អំពីការកសាងឡើងវិញនូវយោធារបស់ប្រទេសស៊ីរី ក្នុងយុគសម័យក្រោយសង្គ្រាម និងចែករំលែកបទពិសោធន៍រវាងប្រទេសទាំងពីរ និងបញ្ហាទាក់ទងនឹងការផ្តល់ការ បណ្តុះបណ្តាលនៅកម្រិតផ្សេងៗគ្នា ដោយលោក Baqeri បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការយោធារវាងអ៊ីរ៉ង់ និងស៊ីរី នឹងបន្ត។

មន្ត្រីស៊ីរីបានឲ្យដឹងផងដែរថា ប្រទេសស៊ីរី និងអ៊ីរ៉ង់ មានទំនាក់ទំនងមិត្តភាព និងបានសហការគ្នាស្របតាមផលប្រយោជន៍ជាតិរបស់ពួកគេតាំងពី ៤០ឆ្នាំមុន ដោយធានាថា កិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្ត៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top