ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស​ ការ​នាំ​ចេញ​អាវុធ ​ដ៏ច្រើន​លើសលុប របស់​អាមេរិក ក្នុង​ឆ្នាំ​២០២២

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានប្រមាថសហរដ្ឋអាមេរិក ចំពោះការស្រែកពាក្យស្លោកនៃការរក្សា “តម្លៃប្រជាធិបតេយ្យ” ខណៈពេលដែលការនាំចេញអាវុធទៅកាន់ប្រទេសផ្សេងទៀត សម្រាប់ការ “ធ្វើសង្គ្រាម ការសម្លាប់រង្គាល និងការបង្ក្រាប” ។

លោក Nasser Kanaani បានធ្វើការកត់សម្គាល់ នៅក្នុងការបង្ហោះនៅលើទំព័រ Twitter របស់លោកដោយដកស្រង់តួលេខរបស់អង្គការព័ត៌មាន មិនរកប្រាក់ចំណេញរបស់អាមេរិក ដែលមានឈ្មោះថា Intercept អំពីការលក់អាវុធ របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២២។

លោកបានលើកឡើងថា យោងតាមស្ថិតិរបស់ Intercept ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់ក្នុងឆ្នាំ១៩៩១ មក សហរដ្ឋអាមេរិក គឺជាប្រទេសនាំចេញអាវុធដ៏ធំបំផុត នៅក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Kanaani បានលើកឡើងថា សហរដ្ឋអាមេរិកមានចំនួន ៤០ភាគរយ នៃការលក់សព្វាវុធប្រចាំឆ្នាំ របស់ពិភពលោក កាលពីឆ្នាំមុន ដោយកត់សម្គាល់ថានៅឆ្នាំ២០២២ ប្រទេសនេះបានលក់សព្វាវុធ ទៅ ១៤២ ប្រទេស។

លោកបានបន្ថែមថា ក្នុងអំឡុងឆ្នាំសារពើពន្ធដំបូង នៃការគ្រប់គ្រងរបស់ប្រធានាធិបតីលោក ចូ បៃដិន សហរដ្ឋអាមេរិក បានលក់សព្វាវុធដែលមានតម្លៃ ២០៦ពាន់លានដុល្លារ ទៅឱ្យប្រទេសដទៃទៀត។

លោកបានបន្ថែមថា ខណៈពេលដែលការរក្សា “តម្លៃប្រជាធិបតេយ្យ” គឺជាពាក្យស្លោករបស់សហរដ្ឋអាមេរិក ការនាំចេញរបស់ខ្លួន គឺជាអាវុធសម្រាប់ធ្វើ “សង្រ្គាម ការសម្លាប់រង្គាល និងការបង្ក្រាប”៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top