បរទេស៖ ទីក្រុង Baltimore ក្នុងសហរដ្ឋអាមេរិក បានប្តឹងក្រុមហ៊ុន Hyundai និង Kia ដោយលើកហេតុផលថា ក្រុមហ៊ុនរថយន្តយក្សរបស់កូរ៉េនេះ លើកទឹកចិត្តដល់ការលួច ដោយធ្វើឱ្យរថយន្តរបស់ពួកគេងាយ ស្រួលពេកក្នុងការលួច។ Baltimore គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងឧក្រិដ្ឋកម្មខ្ពស់ចំនួន៦ ដែលប៉ុនប៉ងបន្ទោសការកើនឡើងនៃ ការលួចរថយន្តលើក្រុមហ៊ុនផលិតរថយន្តទៅវិញ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អភិបាលក្រុង Baltimore លោក Brandon Scott បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយដោយប្រកាសពីបណ្តឹងកាលពីថ្ងៃព្រហស្បតិ៍ថា ដោយការខកខានមិនបានបំពាក់រថយន្តរបស់ពួកគេជាមួយនឹង “បច្ចេកវិទ្យាការពាររថយន្តស្តង់ដារឧស្សាហកម្ម” Hyundai និង Kia បានទុកឱ្យម្ចាស់រថយន្ត “ងាយរងគ្រោះចំពោះឧក្រិដ្ឋកម្ម”។
ពាក្យបណ្តឹងបានសរសេរថា “អត្រាកើនឡើងយ៉ាងខ្លាំងនៃការលួចរថយន្ត Hyundai និង Kia នៅទីក្រុង Baltimore បានទាមទារធនធានទីក្រុង និងប៉ូលីស ដែលមិនត្រូវការ ប៉ុន្តែសម្រាប់ការបរាជ័យដោយចេតនារបស់ Hyundai និង Kia” ។ “ចោរលួចរថយន្ត ភាគច្រើនជាក្មេងជំទង់ ទាញយកអត្ថប្រយោជន៍ពីការបរាជ័យទាំងនេះ ហើយចូលរួមក្នុងការបើកបរដោយមិនប្រុងប្រយ័ត្ន បង្កើតហានិភ័យសុវត្ថិភាពយ៉ាងច្រើនដល់ខ្លួនគេ និងអ្នករស់នៅទីក្រុង Baltimore និងទ្រព្យសម្បត្តិរបស់ពួកគេ”។
សកម្មភាពផ្លូវច្បាប់ស្រដៀងគ្នានេះ ត្រូវបានចាត់វិធានការដោយទីក្រុង Cleveland, Milwaukee, San Diego, Columbus និង ទីក្រុង Seattle ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយអាជ្ញាធរនៅក្នុងទីក្រុងទាំងអស់នេះបានស្តីបន្ទោសការកើនឡើងនៃ ការលួចរថយន្តទៅលើក្រុមហ៊ុនផលិតរបស់កូរ៉េ។
យោងតាមស្ថិតិប៉ូលីសបានឱ្យដឹងថា ការលួចរថយន្តបានកើនឡើង ៩៥ភាគរយ នៅឆ្នាំនេះ នៅទីក្រុង Baltimore ដោយក្រុមហ៊ុន Hyundais និង Kias តំណាងឱ្យ ៤១ភាគរយ នៃរថយន្តដែលត្រូវបានលួចទាំងអស់។
អភិបាលក្រុង Scott បានស្តីបន្ទោសការកើនឡើងយ៉ាងខ្លាំងនៅលើវីដេអូ TikTok ដែលបង្ហាញពីចោរដែលអាចប្លន់បានយ៉ាងងាយស្រួលនូវរថយន្តសេដ្ឋកិច្ច ទាំងនេះដោយប្រើឧបករណ៍ដូចជា ទួណឺវីស ឬខ្សែសាក USB ។
ក្រុមហ៊ុន Hyundai ដែលជាម្ចាស់ក្រុមហ៊ុន Kia ផងដែរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានផ្តល់ការអាប់ដេតកម្មវិធីឥតគិត ថ្លៃដល់ម៉ូដែលមួយចំនួនដែលត្រូវ បានគេលួចច្រើនបំផុតរបស់ខ្លួន ហើយបានដឹកជញ្ជូនសោរចង្កូតជាង ៤០ ០០០សោរ ទៅកាន់ភ្នាក់ងារអនុវត្តច្បាប់នៅទូទាំងសហរដ្ឋអាមេរិក សម្រាប់ចែកចាយដល់ម្ចាស់ឡាន៕ ប្រែសម្រួលៈ ណៃ តុលា