ប៉ារីស៖ ប្រទេសបារាំង បានសន្យាថា នឹងបញ្ជូនរថក្រោះធុនស្រាល និងរថពាសដែករាប់សិបគ្រឿងបន្ថែមទៀត ទៅកាន់អ៊ុយក្រែន និងផ្តល់ការបណ្តុះបណ្តាលចាំបាច់ សម្រាប់ទាហានរបស់ប្រទេសនេះ ដើម្បីប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានហោះចូលទៅក្នុងប្រទេសបារាំង កាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីចូលរួមជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង សម្រាប់អាហារពេលល្ងាចធ្វើការនៅវិមាន Elysee ក្នុងទីក្រុងប៉ារីស។
មេដឹកនាំទាំងពីរបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ រួមមួយនៅថ្ងៃចន្ទនេះថា “នៅក្នុងសប្តាហ៍ខាងមុខនេះ ប្រទេសបារាំងនឹងហ្វឹកហាត់ និងបំពាក់កងវរសេនាតូចជាច្រើនជាមួយនឹងរថពាសដែក និងរថក្រោះធុនស្រាលរាប់សិបគ្រឿង រួមទាំងរថក្រោះធុន AMX-10RC ផងដែរ” ។
ទីក្រុងប៉ារីសក៏នឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន “ក្នុងការគាំទ្រសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន ដើម្បីការពារប្រជាជនរបស់ខ្លួនប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី”។ សេចក្តីថ្លែងការណ៍ក៏បានព្រមានអំពីការបង្កើន ទណ្ឌកម្មផងដែរ។
ប្រភពបានឲ្យដឹងថា “អ៊ុយក្រែន និងបារាំង បានព្រមព្រៀងគ្នា លើតម្រូវការក្នុងការបង្កើនសម្ពាធរួមលើរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីធ្វើឱ្យសមត្ថភាពរបស់រុស្ស៊ីចុះខ្សោយ ក្នុងការបន្តសង្គ្រាមឈ្លានពានខុសច្បាប់របស់ខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។
ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស គឺជាផ្នែកមួយនៃដំណើរទេសចរណ៍ ខ្យល់កួចកាលពីចុងសប្តាហ៍របស់លោក ហ្សេឡិនស្គី នៃសម្ព័ន្ធមិត្តសំខាន់ៗរបស់អឺរ៉ុបមួយចំនួន ដើម្បីបង្កើនការគាំទ្រផ្នែកយោធា និងហិរញ្ញវត្ថុ មុនពេលការវាយលុកដ៏ធំ ដែលរំពឹងទុករបស់អ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា