គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឈានដល់កិច្ចព្រមព្រៀងជាមួយមេដឹកនាំនៃប្រទេសអ៊ីតាលី អាល្លឺម៉ង់ បារាំង និងអង់គ្លេស ស្តីពីការផ្តល់ជំនួយការពារជាតិថ្មី សម្រាប់ទីក្រុងគៀវ។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័រប្រធានាធិបតីបានឲ្យដឹងកាលពីពេលថ្មីៗនេះថា មេដឹកនាំអ៊ុយក្រែន បានធ្វើទស្សនកិច្ចប្រទេសចំនួន៤ ដែលជាផ្នែកមួយនៃការរៀបចំ សម្រាប់ “សកម្មភាពសកម្ម” របស់កងទ័ពអ៊ុយក្រែននៅជួរមុខ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ្សេឡិនស្គី បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giorgia Meloni អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak។
លោក ហ្សេឡិនស្គី បានឲ្យដឹងដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមថា “ខ្ញុំរីករាយជាខ្លាំង ចំពោះសមិទ្ធិផល និងកិច្ចព្រមព្រៀងរបស់យើង ពិតជាសំខាន់ សម្រាប់កញ្ចប់ការពារដ៏មានឥទ្ធិពល” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានកត់សម្គាល់ថា ការចរចាជាមួយមេដឹកនាំនៃបណ្តាប្រទេសអ៊ឺរ៉ុប ក៏ទាក់ទងនឹងការបង្កើត “សម្ព័ន្ធយន្តហោះចម្បាំង” សម្រាប់អ៊ុយក្រែន និងការត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១១-១២ ខែកក្កដា នៅទីក្រុងវីលនីស ប្រទេសលីទុយអានី៕ប្រែសម្រួល ឈូក បូរ៉ា