ម៉ូស្គូ៖ សភាជាន់ទាបរបស់រុស្ស៊ី គឺសភារដ្ឋឌូម៉ា បានថ្កោលទោសជាផ្លូវការ ចំពោះសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប (CFE) នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអង្គារ។
ប្រធានសភាឌូម៉ារដ្ឋរុស្ស៊ី លោក Vyacheslav Volodin បានលើកឡើងថា “សមាជិកសភានៃរដ្ឋឌូម៉ា ដែលដឹកនាំដោយផលប្រយោជន៍ របស់ប្រជាពលរដ្ឋរបស់យើង បានសម្រេចចិត្តបរិហារសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប ដើម្បីធានាសន្តិសុខនៃសហព័ន្ធរុស្ស៊ី” ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដំបូងឡើយបានដាក់វិក័យប័ត្រមួយទៅកាន់រដ្ឋឌូម៉ា ស្តីពីការបរិហារសន្ធិសញ្ញានៅថ្ងៃពុធនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ឯកសារដែលបានដាក់ជូនដោយមេដឹកនាំរុស្ស៊ី បានបញ្ជាក់ថា សន្ធិសញ្ញាបច្ចុប្បន្នបានក្លាយទៅជាហួសសម័យ និងមិនពាក់ព័ន្ធ ដោយពិចារណាលើការផ្លាស់ប្តូរសកលលោកទ្រង់ទ្រាយធំ ដែលបានកើតឡើង ដែលទាក់ទងនឹងការពង្រីកអង្គការណាតូ។
លោក Volodin បានសរសេរនៅក្នុងសារលើបណ្ដាញ Telegram ថា “ទីក្រុងវ៉ាស៊ីនតោន និងព្រុចសែល ដែលឈ្លក់វង្វេងនឹងគំនិតនៃការកសាងពិភពលោកគ្មានប៉ូល និងពង្រីកអង្គការណាតូ ទៅភាគខាងកើត បានបំផ្លាញប្រព័ន្ធសន្តិសុខពិភពលោក”។
លោកបានកត់សម្គាល់ថា ខណៈពេលដែលអង្គការណាតូ បានពណ៌នាពីដំបូងថា ខ្លួនជាសម្ព័ន្ធមិត្តការពារ ប៉ុន្តែនៅទីបំផុតវាគ្រាន់តែបណ្តាលឱ្យមានការឈឺចាប់ និងការបំផ្លិចបំផ្លាញតាមរយៈអន្តរាគមន៍របស់ខ្លួននៅក្នុងប្រទេសយូហ្គោស្លាវី អាហ្វហ្គានីស្ថាន លីប៊ី អ៊ីរ៉ាក់ និងស៊ីរី។
លោកបានបន្ថែមថា តាមរយៈការបន្តផ្គត់ផ្គង់សព្វាវុធរបស់ខ្លួន ដល់របបក្រុងគៀវ ទីក្រុងវ៉ាស៊ីនតោន ពិតជាធ្វើឱ្យស្ថានការណ៍ នៅក្នុងពិភពលោកមានអស្ថិរភាព និង “បង្កមហន្តរាយជាសកល”៕ ប្រែសម្រួល ឈូក បូរ៉ា