បរទេស៖ ចក្រភពអង់គ្លេសបានប្រកាសហាមឃាត់ការនាំចូលត្បូងពេជ្ររុស្ស៊ី និងលោហៈជាច្រើនប្រភេទ ក៏ដូចជាការដាក់ទណ្ឌកម្មបន្ថែមលើមនុស្សចំនួន ៨៦ នាក់ និងក្រុមហ៊ុនដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជាមួយ “បរិវេណឧស្សាហកម្មយោធា” របស់ទីក្រុងម៉ូស្គូ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យនាយករដ្ឋមន្ត្រី អង់គ្លេស លោក Rishi Sunak បានបញ្ជាក់ពីវិធានការនេះនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្តែងក្តីសង្ឃឹមថា ការរឹតបន្តឹងថ្មីនឹងរារាំងពាណិជ្ជកម្មពេជ្រតម្លៃរាប់ពាន់លានដុល្លាររបស់រុស្ស៊ី និងការនាំចេញជាច្រើនផ្សេងទៀតរួមទាំងទង់ដែង អាលុយមីញ៉ូម និងជាតិនីកែល ផងដែរ។
សេចក្តីថ្លែងការណ៍បាននិយាយថា “ទន្ទឹមនឹងវិធានការពាណិជ្ជកម្មទាំងនេះ រដ្ឋាភិបាលក៏កំពុងរៀបចំទៅលើបុគ្គលថ្មីផងដែរ ដោយកំណត់គោលដៅមនុស្ស និងក្រុមហ៊ុនចំនួន ៨៦ បន្ថែមពី ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ឧស្សាហកម្មយោធា និងអ្នកពាក់ព័ន្ធក្នុងលំហូរប្រាក់ចំណូលសំខាន់ៗដូចជា ថាមពល លោហៈ និងការដឹកជញ្ជូន”។
វិធានការនេះ នឹងបង្កើតលើទណ្ឌកម្មរបស់ចក្រភពអង់គ្លេស ដែលមានស្រាប់ ដែលពីមុនបានកំណត់គោលដៅក្រុមហ៊ុន Alrosa ដែលជាក្រុមហ៊ុនរុករករ៉ែរបស់រដ្ឋរុស្ស៊ី និងដំឡើងពន្ធលើការនាំចូលពេជ្ររហូតដល់ ៣៥ភាគរយ ។
លោហធាតុដើមកំណើតរុស្ស៊ី ផ្សេងទៀត ដូចជា ផលិតផលធ្វើអំពីដែក និងដែកថែប ក៏ត្រូវបានគ្របដណ្ដប់ នៅក្នុងការហាមឃាត់ពីមុនដែរ៕ ប្រែសម្រួលៈ ណៃ តុលា