វ៉ាស៊ីនតោន៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុន ធូដេ បានប្រាប់ឲ្យដឹងថា នេះជាលើកដំបូង អ្នកវិទ្យាសាស្ត្រអាកាសធាតុ របស់សហរដ្ឋអាមេរិក បានកំណត់បរិមាណ នៃទំហំដែលឧស្ម័នផ្ទះកញ្ចក់ ពីក្រុមហ៊ុនប្រេងឥន្ធនៈហ្វូស៊ីល កំពូលរបស់ពិភពលោកបានរួមចំណែកដល់ភ្លើងឆេះព្រៃ។
ការវិភាគរបស់ពួកគេត្រូវបានចេញផ្សាយលើ Environmental Research Letters បានរកឃើញថា ការបំភាយកាបូនឌីអុកស៊ីត និងមេតានពីក្រុមហ៊ុនដែលហៅថា “Big 88” ទទួលខុសត្រូវលើផ្ទៃដីជាងមួយភាគបី នៃតំបន់ដែលឆេះដោយភ្លើងឆេះព្រៃ នៅភាគខាងលិចអាមេរិក ខាងជើងក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ។
អ្នកស្រាវជ្រាវទីមួយ Kristina Dahl នៃសហភាពអ្នកវិទ្យាសាស្ត្រមានការព្រួយបារម្ភ (UCS) បានប្រាប់ AFP ថា ភ្លើងឆេះព្រៃនៅភាគខាងលិចសហរដ្ឋអាមេរិក និងភាគនិរតីនៃប្រទេសកាណាដាបានកាន់តែអាក្រក់ទៅៗ ជាច្រើនទសវត្សរ៍មកហើយ ពួកវាកំពុងឆេះកាន់តែខ្លាំង ក្នុងរយៈពេលវែងជាងនេះ គ្របដណ្តប់តំបន់ធំជាង និងឈានដល់កម្ពស់ខ្ពស់។
មកទល់នឹងពេលនេះ តម្លៃនៃការកសាងឡើងវិញ និងការបង្កើនភាពធន់ត្រូវបានប្រជាជនទូទៅភាគច្រើនផ្តោតលើ ដូច្នេះយើងចង់យល់កាន់តែច្បាស់អំពីតួនាទី ការបំភាយឧស្ម័នពីឧស្សាហកម្មឥន្ធនៈហ្វូស៊ីល មានក្នុងការកែប្រែទេសភាពភ្លើងឆេះព្រៃ។
យើងពិតជាចង់ដាក់ការយកចិត្តទុកដាក់លើតួនាទីរបស់ពួកគេនៅក្នុងនោះ ដូច្នេះពួកគេអាចទទួលខុសត្រូវចំពោះចំណែកនៃការចំណាយរបស់ពួកគេដោយយុត្តិធម៌។
ដោយប្រើគំរូអាកាសធាតុ ក្រុមការងារបានកំណត់ថា ការបំភាយឧស្ម័នពី Big 88 រួមមាន ExxonMobil, BP, Chevron និង Shell ទទួលខុសត្រូវចំពោះការបង្កើនសីតុណ្ហភាព ជាមធ្យមពិភពលោក ០.៥ អង្សាសេចាប់តាំងពីដើមសតវត្សទី២០ មក ឬប្រហែលពាក់កណ្តាល នៃការឡើងកម្ដៅដែលបានសង្កេត។
សម្រាប់គោលបំណងនៃការសិក្សានេះ អ្នកស្រាវជ្រាវបានរួមបញ្ចូលការបំភាយឧស្ម័ន ទាំងអស់នៅទូទាំងវដ្តជីវិត នៃឥន្ធនៈហ្វូស៊ីលពីប្រតិបត្តិការស្រង់ចេញ និងការដុតភ្លើង រហូតដល់ការចម្រាញ់ និងប្រើប្រាស់ក្នុងយានជំនិះ។
ការរួមចំណែករបស់ក្រុមហ៊ុនចំពោះការឡើងកម្ដៅ ផែនដីទាំងមូលត្រូវបានគេប្រើប្រាស់ដើម្បីគណនាចំនួន ដែលពួកគេបន្ថែមទៅនឹងការកើនឡើង នៃឱនភាពសម្ពាធចំហាយ ឬ VPD ជារង្វាស់ នៃសមត្ថភាពខ្យល់ក្នុងការទាញទឹកចេញពីរុក្ខជាតិ និងដីនៅភាគខាងលិចខាងជើងតំបន់អាមេរិក។
ដោយសារតែខ្យល់ក្តៅអាចផ្ទុក ចំហាយទឹកបានកាន់តែច្រើន ការកើនឡើងនៃសីតុណ្ហភាព បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ធ្វើឲ្យរង្វាស់ នៃការស្រេកទឹកបរិយាកាសកើនឡើង។
VPD ខ្ពស់ធ្វើឲ្យតំបន់មួយងាយនឹងភ្លើងឆេះ ហើយការស្រាវជ្រាវថ្មីៗ បានបង្កើតទំនាក់ទំនងអិចស្ប៉ូណង់ស្យែល ច្បាស់លាស់រវាងការកើនឡើង នៃសូចនាករភាពស្ងួតនេះ និងតំបន់ដែលឆេះដោយភ្លើងឆេះព្រៃ៕ ដោយ៖លី ភីលីព