ព័ត៌មានអន្តរជាតិ

ជប៉ុន និង​ចិន សម្លឹង​មើល​កិច្ច​ពិភាក្សា​ រវាងប្រមុខ​ការពារជាតិ​ទ្វេភាគី នៅ​សិង្ហបុរី ក្នុង​ខែមិថុនា

តូក្យូ៖ ប្រភពស្និទ្ធនឹងទំនាក់ទំនងទ្វេភាគីបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Yasukazu Hamada និងសមភាគីចិនរបស់លោក Li Shangfu ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សានៅខាងក្រៅកិច្ចប្រជុំសន្តិសុខក្នុងតំបន់ក្នុងប្រទេសសិង្ហបុរីនៅដើមខែមិថុនា។

ផែនការនេះកើតឡើងនៅពេលដែលនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងមេដឹកនាំក្រុមប្រាំពីរផ្សេងទៀតបានបញ្ជាក់ពីសារៈសំខាន់នៃការសន្ទនាជាមួយប្រទេសចិន នៅក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេនៅទីក្រុងហ៊ីរ៉ូស៊ីម៉ារហូតដល់ថ្ងៃអាទិត្យ។

ប្រភពបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំដែលបានគ្រោងទុក ជាលើកដំបូងចាប់តាំងពីខែមិថុនាឆ្នាំមុនលោក Hamada ទំនងជាបង្ហាញពីការព្រួយបារម្ភអំពីការឈ្លានពានម្តងហើយម្តងទៀតដោយនាវាឆ្មាំឆ្នេរសមុទ្រចិន ចូលទៅក្នុងដែនទឹករបស់ជប៉ុន និងសមយុទ្ធកងទ័ពជើងទឹករួមគ្នាដោយទីក្រុងប៉េកាំង និងទីក្រុងមូស្គូដែលបានធ្វើឡើងនៅជុំវិញប្រទេសជប៉ុន។

នាវាឆ្មាំឆ្នេរសមុទ្រចិន ត្រូវបានគេប្រទះឃើញម្តងហើយម្តងទៀតនៅជុំវិញប្រជុំកោះសេនកាគូ ក្នុងសមុទ្រចិនខាងកើត។ កូនកោះដែលគ្មានមនុស្សរស់នៅត្រូវបានគ្រប់គ្រងដោយទីក្រុងតូក្យូ ប៉ុន្តែត្រូវបានទាមទារដោយទីក្រុងប៉េកាំង ដែលហៅថាកោះ Diaoyu ។

ប្រភពបានឲ្យដឹងថា លោក Hamada ក៏អាចបង្ហាញពីសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

រដ្ឋមន្ត្រីការពារជាតិទំនងជានឹងជួបប្រជុំគ្នាក្នុងឱកាសនៃសន្និសិទសន្តិសុខអាស៊ីប្រចាំឆ្នាំ ដែលគេស្គាល់ថាជាកិច្ចសន្ទនា Shangri-La ដែលគ្រោងធ្វើនៅថ្ងៃទី០២-០៤ខែមិថុនា នៅក្នុងរដ្ឋទីក្រុងកោះអាស៊ីអាគ្នេយ៍។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃរបស់ពួកគេ មេដឹកនាំ G-7 បានឲ្យដឹងថាពួកគេ “ត្រៀមខ្លួន ដើម្បីកសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពជាមួយប្រទេសចិន”៕ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top