ព័ត៌មានអន្តរជាតិ

លោក Bill Gates ៖ ប្រទេសចិន អាចរួមចំណែកតែមួយគត់ ចំពោះបញ្ហាប្រឈមពិភពលោក

ចិន៖ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ កាន់តែច្រើនក្នុងចំណោមមនុស្សជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ខណៈលោកគូសបញ្ជាក់ថា ប្រទេសចិន នឹងអាចរួមចំណែកតែមួយគត់តាមរយៈការចែករម្លែកបច្ចេកវិទ្យា និងមេរៀនរបស់ខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។

លោក Gates បាននិយាយក្នុងសុន្ទរកថាភ្ជាប់វីដេអូនៅកិច្ចប្រជុំនៃវេទិកា Zhongguancun ឆ្នាំ២០២៣ កាលពីថ្ងៃសុក្រថា ទោះបីជាសង្គមមនុស្សបានដោះស្រាយបញ្ហាដូចជាជំងឺរាតត្បាត COVID-19 ការប្រែប្រួលអាកាសធាតុ ជម្លោះក្នុងតំបន់ និងបញ្ហាប្រឈមផ្សេងទៀតក៏ដោយ លោកនៅតែមានសុទិដ្ឋិនិយមអំពីអនាគត និង ជឿថាមនុស្សជាតិនឹងដើរលើផ្លូវត្រូវម្តងទៀត។

ប្រទេសចិនមានជំនាញ និងបទពិសោធន៍ចម្រុះមិនគួរឲ្យជឿ ក៏ដូចជាការវិនិយោគលើការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយលោក Gates បាននិយាយថា ប្រទេសចិន នឹងអាចរួមចំណែកតែមួយគត់ក្នុងការ ចែករំលែកបច្ចេកវិទ្យា និងមេរៀនរបស់ខ្លួន។

យោងតាមលោក Gates ជាសហប្រធាន និងជាអ្នកធានា នៃមូលនិធិ Bill & Melinda Gates ថាប្រទេសចិនកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនរួចទៅហើយ។

លោក Gates បានបន្តថា ជាមួយនឹងកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត វាអាចទៅរួចដើម្បីជួយមនុស្សកាន់តែច្រើនលើកខ្លួនចេញពីភាពក្រីក្រ និងដឹកនាំជីវិតកាន់តែប្រសើរនាពេលអនាគត។

លោក Gates ក៏បានបញ្ជាក់ដែរថា មានតម្រូវការក្នុងការរៀបចំក្នុងករណី មានការរាតត្បាត នៃជំងឺរាតត្បាតនាពេលអនាគត ហើយពិភពលោកអាចឆ្លើយតបកាន់តែមានប្រសិទ្ធភាព ដោយការរួមបញ្ចូលវិធីសាស្រ្តស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្នាំ និងវ៉ាក់សាំង៕ ដោយ៖លី ភីលីព

Most Popular

To Top