ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី អះអាងថា ខ្លួនស្ទាក់ចាប់មីស៊ីលបាញ់ចម្ងាយចំនួន២គ្រាប់ ដែលបាញ់ដោយអ៊ុយក្រែន ក្រោមជំនួយអង់គ្លេស

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានស្ទាក់ចាប់មីស៊ីលបាញ់បានរយៈចម្ងាយឆ្ងាយ ហៅថា Storm Shadow ចំនួន២គ្រាប់ដែលផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន ដោយចក្រភពអង់គ្លេស ។

ក្រសួងក៏បានឲ្យដឹងរថា ខ្លួនបានស្ទាក់ចាប់មីស៊ីល HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក រយៈចម្ងាយខ្លី និង HARM ហើយបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ចំនួន១២គ្រឿងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ។

ជុំវិញការលើកឡើងខាងលើនេះ ប្រទេសរុស្ស៊ី មិនបានបញ្ជាក់ពីកន្លែងដែលការស្ទាក់ចាប់បានកើតឡើងនោះទេ ប៉ុន្តែបានធ្វើសេចក្តីប្រកាសនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ របស់ក្រសួងការពារជាតិរបស់ខ្លួន ដែលជាកន្លែងដែលផ្តល់ព័ត៌មានថ្មីៗអំពីអ្វីដែលខ្លួនហៅថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅអ៊ុយក្រែន ។

ក្រសួងការពារជាតិអ៊ុយក្រែន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ។

មន្ត្រីក្រុង គៀវ ធ្លាប់បានលើកឡើងថា សព្វាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច នឹងត្រូវប្រើប្រាស់ទាំងស្រុង ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដែលចូលឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top