ចិន៖ មន្ត្រីអវកាសម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន គ្រោងនឹងបញ្ជូនអវកាសយានិក ទៅកាន់ភពព្រះច័ន្ទមុនឆ្នាំ ២០៣០ បន្ទាប់ពីលោក Lin Xiqiang អនុប្រធានទីភ្នាក់ងារអវកាសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន ថា អាជ្ញាធរអវកាសរបស់ប្រទេសនេះ បានចាប់ផ្តើមកម្មវិធីតាមភពព្រះច័ន្ទ។
លោក Lin បានបន្តថា គោលដៅរួមគឺដើម្បីសម្រេចបានការចុះចត មនុស្សដំបូងរបស់ចិននៅលើភពព្រះច័ន្ទមុនឆ្នាំ ២០៣០ អនុវត្តការរុករកតាមបែបវិទ្យាសាស្ត្រ និងការបង្ហាញបច្ចេកវិទ្យាដែលពាក់ព័ន្ធលើផ្ទៃព្រះច័ន្ទ អភិវឌ្ឍប្រព័ន្ធផ្លាស់ប្តូរ និងស្នាក់នៅរយៈពេលខ្លីសម្រាប់នាវិក និងអភិវឌ្ឍការធ្វើតេស្តរួមបញ្ចូលគ្នារវាងមនុស្សយន្ត និង បច្ចេកវិជ្ជាសំខាន់ៗផ្សេងទៀត។
មន្ត្រីបានកត់សម្គាល់ថា អវកាសយានិក របស់យើងនឹងដើរលើភពព្រះច័ន្ទ ប្រមូលសំណាកជុំវិញកន្លែងចុះចត និងធ្វើការស្រាវជ្រាវនៅក្នុងកន្លែង។
វានឹងដឹកនាំបេសកកម្មរបស់យើងពីគន្លងផែនដីទាបទៅកាន់ទីអវកាសជ្រៅ និងជួយធ្វើឲ្យចំណេះដឹង របស់មនុស្សជាតិកាន់តែស៊ីជម្រៅអំពីប្រភពដើម និងការវិវត្តន៍ នៃភពផែនដី ព្រះច័ន្ទ និងប្រព័ន្ធព្រះអាទិត្យ។
ដើម្បីសម្រេចបេសកកម្មនេះ ការិយាល័យរបស់លោក Lin បានរៀបចំការស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធពាក់ព័ន្ធទាំងអស់ រួមទាំងរ៉ុក្កែតផ្ទុកនាវិកថ្មី Long March 10, យន្តចុះចតភពព្រះច័ន្ទ និងឈុតក្រៅតាមច័ន្ទគតិ។
លោកបានបន្ថែមថា ការសាកល្បងគ្រាប់រ៉ុក្កែតថ្មី និងកន្លែងបាញ់បង្ហោះក៏នឹងត្រូវបានសាងសង់ផងដែរ។
លោក Lin បានបន្ថែមថា ការិយាល័យនឹងផ្សព្វផ្សាយ សេចក្តីជូនដំណឹងនៅពេលកំណត់ ដើម្បីស្នើសុំបន្ទុកវិទ្យាសាស្ត្រ ដែលត្រូវអនុវត្តក្នុងអំឡុងពេលបេសកកម្មមនុស្ស ក៏ដូចជាការរចនាគំនិតសម្រាប់យានរុករក តាមច័ន្ទគតិរបស់បេសកកម្ម។
យោងតាម China Academy of Launch Vehicle Technology ជាក្រុមហ៊ុនផលិតរ៉ុក្កែតដឹកជញ្ជូនដ៏ធំរបស់ប្រទេសថា Long March 10 នឹងមានកម្ពស់ ៨៨.៥ ម៉ែត្រ ប្រហែលស្មើនឹងកម្ពស់អគារលំនៅដ្ឋាន ៣១ជាន់។
រ៉ុក្កែតដ៏ធំសម្បើមនេះ នឹងមានទម្ងន់ ២,១៨៧ តោន ហើយនឹងអាចដឹកជញ្ជូនយានអវកាស ដែលមានទម្ងន់យ៉ាងហោចណាស់ ២៧ តោនទៅកាន់គន្លងផ្ទេរផែនដី-ព្រះច័ន្ទ៕ ដោយ៖លី ភីលីព