បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានជាទៀងទាត់កាលពីថ្ងៃសុក្រថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ទំនាក់ទំនងផ្លូវការ នៃទម្រង់ណាមួយជាមួយតំបន់តៃវ៉ាន់ របស់ប្រទេសចិន ហើយបញ្ឈប់ការជំរុញទៅមុខ និងលុបចោលភ្លាមៗ នូវ “គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសតវត្សទី ២១” និងកិច្ចព្រមព្រៀងពាក់ព័ន្ធជាមួយកោះតៃវ៉ាន់។
យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយហថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការកត់សម្គាល់របស់លោកស្រី Mao Ning បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងក្រោម “គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសតវត្សទី ២១” របស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃទី១ ខែមិថុនា។
លោកស្រី Mao បាននិយាយថា “ប្រទេសចិន ប្រឆាំងយ៉ាងដាច់ខាតចំពោះអន្តរកម្មជាផ្លូវការ នៃទម្រង់ណាមួយរវាងតំបន់តៃវ៉ាន់ របស់ចិន និងប្រទេសដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន” ដោយបន្ថែមថា អន្តរកម្មរួមមានការចរចា ឬចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ ដែលបង្កប់ន័យអធិបតេយ្យភាព និងមានលក្ខណៈផ្លូវការ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានជំរុញការចរចាដោយចេតនា ជាមួយអាជ្ញាធរ នៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់កោះតៃវ៉ាន់ លើអ្វីដែលគេហៅថា “គំនិតផ្តួចផ្តើមស្តីពីពាណិជ្ជកម្មសតវត្សរ៍ទី២១” ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
លោកស្រី Mao Ning បានបន្ថែមថា ការចុះហត្ថលេខានេះ បានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងបីមចិន-អាមេរិក នៃសេចក្តីថ្លែងការណ៍រួម និងបំពានលើការប្តេជ្ញាចិត្ត ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក ខ្លួនឯងក្នុងការរក្សាទំនាក់ទំនងក្រៅផ្លូវការតែមួយគត់ជាមួយតៃវ៉ាន់។
លោកស្រីថា៖ «ប្រទេសចិនសម្ដែងការមិនពេញចិត្តចំពោះរឿងនេះ ៕ ប្រែសម្រួលៈ ណៃ តុលា