ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បើកដំណើរការស្ថានទូតនៅអារ៉ាប៊ីសាអូឌីត ឡើងវិញ ក្រោយបិទអស់រយៈពេល ៧ឆ្នាំ

តេអេរ៉ង់ ៖ អ៊ីរ៉ង់ បានបើកដំណើរការឡើងវិញនៅថ្ងៃអង្គារ ស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបិទរយៈពេល ៧ឆ្នាំ និងជិត ៣ខែបន្ទាប់ពីប្រទេសទាំងពីរ បានយល់ព្រមស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ក្រោមកិច្ចព្រមព្រៀងដែលមានចិនជាឈ្មួញកណ្តាល។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Alireza Bigdeli បានថ្លែងសុន្ទរកថាបើកនៅក្នុងរដ្ឋធានីរីយ៉ាដ អារ៉ាប៊ីសាអូឌីត ដោយបានលើកឡើងពីសារៈសំខាន់នៃឱកាស សម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។

លោក Bigdeli បានឲ្យដឹងថា ជាមួយនឹងការលើកទង់ជាតិ នៃប្រទេសអ៊ីរ៉ង់ ឡើងវិញក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងផ្ទុយមកវិញ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានឈានចូលយុគសម័យថ្មីមួយ។

លោកបានបន្ថែមថា ការទូត គឺជាមធ្យោបាយដ៏ល្អបំផុត សម្រាប់ការទំនាក់ទំនង និងការសន្ទនារវាងប្រទេសនានា ដើម្បីឈានទៅដល់ការយល់ដឹងរួម ស្ថិរភាព និងសន្តិភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មន្ត្រីអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ តែងតែមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង ដោយឈរលើគោលការណ៍ នៃភាពជាអ្នកជិតខាងដ៏ល្អ។

លោក Bigdeli ក៏បានកត់សម្គាល់ផងដែរថា ការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគទៅវិញទៅមក នឹងនាំឱ្យប្រទេសនានាខិតកាន់តែជិតគ្នា ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

កាលពីខែមីនា អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងនៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ និងបើកស្ថានទូត និងបេសកកម្មរបស់ពួកគេឡើងវិញ។

យោងតាមសេចក្តីថ្លែងការណ៍ត្រីភាគី ដែលចេញរួមគ្នាដោយប្រទេសចិន អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា និងការទូត ហើយចំពោះទំនាក់ទំនងជាបងប្អូន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលបំណងនៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និង អង្គការសហប្រតិបត្តិការឥស្លាម និងអនុសញ្ញាអន្តរជាតិ និងបទដ្ឋាននានា៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top