ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ​បញ្ចេញ​មី​ស៊ី​ល​លឿន​ជាង​សំឡេង និងអាចបំបាំងកាយបាន ដែលជាផលិតផល​ក្នុងស្រុក​

តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានដាក់បង្ហាញនូវមីស៊ីលល្បឿនលឿន ជាងសំឡេង ដែលផលិតក្នុងស្រុកដែលមានឈ្មោះថា Fattah (Conqueror) នៅក្នុងពិធីមួយក្នុងរដ្ឋធានីតេអេរ៉ង់។

របាយការណ៍បានឲ្យដឹងថា ពិធីបើកនេះមានការចូលរួមដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ប្រធានមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Hossein Salami និងមេបញ្ជាការកងពលអាកាសរបស់ IRGC លោក Amir-Ali Hajizadeh ។

មីស៊ីល​នេះ​មាន​សមត្ថភាព​យុទ្ធសាស្ត្រ​ខ្ពស់ ហើយ​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ជំរុញ​ឥន្ធនៈ​រឹង និង​ក្បាល​ចល័ត​ដំណាក់កាល​ទី​២ ដែល​អាច​ឱ្យ​វា​ឈានដល់​ល្បឿន​រហូតដល់ ១៥ ម៉ាយ (៥១០៤.៣៥ ម៉ែត្រ​ក្នុង​មួយ​វិនាទី​) និង​ចម្ងាយ ១៤០០ គីឡូម៉ែត្រ​។

ប្រភពបានឲ្យដឹងថា មីស៊ីលដឹកនាំដោយភាពជាក់លាក់នេះ ក៏ត្រូវបានបំពាក់ដោយបច្ចេកវិទ្ យាបំបាំងកាយផងដែរ ដែលធ្វើឱ្យវាអាចគេចពីការរកឃើញដោយប្រព័ន្ធរ៉ាដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា នៅក្នុងសុន្ទរកថានៅឯពិធីដាក់បង្ហាញ លោក Hajizadeh បានកត់សម្គាល់ថា មិនមានបច្ចេកវិទ្យាប្រឆាំងមីស៊ីល ដែលមានសមត្ថភាពអាចការពារមីស៊ីលលឿនជាងសំឡេង ពីការវាយលុកគោលដៅនោះទេ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top