គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានបំផ្លាញទំនប់វារីអគ្គិសនី Kakhovka នៅភាគខាងត្បូងអ៊ុយក្រែន ដែលបង្កគ្រោះថ្នាក់ដល់រោងចក្រនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។
សេវាកម្មទាំងអស់កំពុងធ្វើការ ដើម្បីលុបបំបាត់ផលវិបាក នៃឧប្បត្តិហេតុនេះ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសារ Telegram ដោយបន្ថែមថា លោកបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ។
ប្រតិបត្តិករថាមពលនុយក្លេអ៊ែរ ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ុយក្រែន Energoatom បានឲ្យដឹងថា ការបំផ្លិចបំផ្លាញទំនប់នេះ អាចនឹងមានផលវិបាកអវិជ្ជមាន ដល់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។
រោងចក្រនេះកំពុងប្រើប្រាស់ទឹកពីអាងស្តុកទឹក Kakhovka ដើម្បីផ្តល់ថាមពលដល់ម៉ាស៊ីនទួរប៊ីន និងប្រព័ន្ធសុវត្ថិភាព។
ប្រភពពី Energoatom បានឲ្យដឹង ដោយកត់សម្គាល់ថា បច្ចុប្បន្នស្ថានភាពនៅរោងចក្រនេះកំពុងស្ថិតក្រោមការគ្រប់គ្រង។
ទន្ទឹមនឹងនេះដែរ លោក Vladimir Leontiev អភិបាលក្រុង Nova Kakhovka បានឲ្យដឹងថា ផ្នែកខាងលើនៃរោងចក្រថាមពល ត្រូវបានបំផ្លាញដោយសារតែការបាញ់ផ្លោង ប៉ុន្តែទំនប់អាងស្តុកទឹកនៅតែមិនរងផលប៉ះពាល់នោះទេ។
រោងចក្រវារីអគ្គិសនី Kakhovka ដែលបម្រើការជាដំណាក់កាលចុងក្រោយនៃទំនប់វារីអគ្គិសនី Dnieper ស្ថិតនៅចម្ងាយត្រឹមតែ ៥គីឡូម៉ែត្រប៉ុណ្ណោះពី Nova Kakhovka ក្នុងតំបន់ Kherson ។
អភិបាលក្រុងបានឲ្យដឹងថា បន្ទាប់ពីមានការបំផ្លិចបំផ្លាញ នៃរោងចក្រថាមពលនេះ កម្រិតទឹកនៅខាងក្រោមបានកើនឡើង ២,៥ ម៉ែត្រ ហើយអភិបាលក្រុងបានបន្ថែមថា ទោះបីជាមិនចាំបាច់មានការជម្លៀសចេញពីទីក្រុងក៏ដោយ វាអាចចាំបាច់ សម្រាប់ការតាំងទីលំនៅនៅខាងក្រោម។
លោក Leontiev បានកត់សម្គាល់ថា ផ្ទះប្រហែល ៣០០ខ្នង អាចរងផលប៉ះពាល់ដោយទឹកជំនន់។
លោកបានបន្តថា “បច្ចុប្បន្នយើងបានបង្វែររថយន្តក្រុងពីផ្លូវធម្មតារបស់ពួកគេ ហើយយើងបានត្រៀមខ្លួន ដើម្បីជម្លៀសមនុស្សបើចាំបាច់”៕ ប្រែសម្រួល ឈូក បូរ៉ា