ព័ត៌មានអន្តរជាតិ

ប្រទេសចិន បាញ់បង្ហោះផ្កាយរណប រាងជាចានដំបូងគេរបស់ខ្លួនទៅទីអវកាស

ចិន ៖ នេះបើតាមក្រុមហ៊ុន China Aerospace Science and Industry Corp ដែលជាក្រុមហ៊ុនផលិតគ្រាប់រ៉ុក្កែត នៅវាលខ្សាច់ភាគពាយ័ព្យរបស់ប្រទេសបាននិយាយថា ផ្កាយរណបនេះបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវ នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ខេត្ត Heilongjiang គឺជាផ្កាយរណបទំនាក់ទំនងពិសោធន៍ Longjiang 3 ត្រូវបានលើកដោយគ្រាប់រ៉ុក្កែត Kuaizhou 1A បានបាញ់បង្ហោះនៅម៉ោង ១០:៣៥ ព្រឹកពីយានបាញ់បង្ហោះរបស់វានៅឯមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ក្នុងទីក្រុង។

បេសកកម្មនេះបានកត់សម្គាល់ការហោះហើរលើកទី ២០ នៃម៉ូដែល Kuaizhou 1A និងការបាញ់បង្ហោះលើកទី២របស់ប្រភេទនៅឆ្នាំនេះ។

យោងតាមវិទ្យាស្ថាន Harbin Institute of Technology ថា យាន Longjiang 3 មានភារកិច្ចបង្ហាញពីបច្ចេកវិទ្យាជឿនលឿន ក្នុងទំនាក់ទំនងល្បឿនលឿន ដែលមានមូលដ្ឋានលើលំហ និងវេទិកាផ្កាយរណបរាងជាចាន។

ផ្កាយរណបថ្មីនេះរួមបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជាវិធីសាស្រ្តថ្មី នៃការទំនាក់ទំនងល្បឿនលឿនរវាងផ្កាយរណបក្នុងគន្លងទាប និងការគ្រប់គ្រងលើដី។

វិទ្យាស្ថានបាននិយាយថា ដំណើរការសាកល្បងរបស់វានឹងជួយអ្នកស្រាវជ្រាវប្រមូលទិន្នន័យ និងបទពិសោធន៍ដែលនឹងត្រូវប្រើប្រាស់ក្នុងការរៀបចំផែនការ និងការរចនាសម្រាប់ការផលិតផ្កាយរណបមានរាងដូចចាន។

ក្រៅពីវិទ្យាស្ថាននេះ GalaxySpace ជាក្រុមហ៊ុនផលិតផ្កាយរណបឯកជនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ក៏បានប្រកាសថា ខ្លួនបានបង្កើតក្រុមផ្កាយរណបរាងជាបន្ទះ ហើយនឹងបាញ់បង្ហោះពួកវានៅប៉ុន្មានខែខាងមុខនេះ។

លោក Yang Qiaolong អ្នករចនានៅ GalaxySpace បាននិយាយថា ការមានរូបរាងចានធ្វើឲ្យផ្កាយរណបជាច្រើនត្រូវបានដាក់នៅខាងក្នុងរ៉ុក្កែតតែមួយ។

លោកបានពន្យល់ថា ការរចនាធ្វើឲ្យវាអាចបាញ់បង្ហោះផ្កាយរណបបានច្រើនក្នុងបេសកកម្ម និងមានលក្ខណៈសមរម្យសម្រាប់ការដាក់ពង្រាយបណ្តាញផ្កាយរណបយ៉ាងឆាប់រហ័ស។

នេះបើយោងតាមអ្នករចនាបាននិយាយថា រ៉ុក្កែត Kuaizhou 1A ប្រវែង ២០ ម៉ែត្រ ត្រូវបានសាងសង់ដោយក្រុមហ៊ុន China Space Sanjiang Group ក្នុងខេត្ត Hubei ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CASIC និងមានទម្ងន់ប្រហែល ៣០ តោន។

វាមានសមត្ថភាពបញ្ជូនបន្ទុក ២០០ គីឡូក្រាមទៅក្នុងគន្លងព្រះអាទិត្យសមកាលកម្ម ឬ ៣០០ គីឡូក្រាមទៅក្នុងគន្លងផែនដីទាប៕ ដោយ៖លី ភីលីព

Most Popular

To Top