បរទេស៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានឲ្យដឹងថា ការនាំចេញប្រេងពីរុស្ស៊ីទៅឥណ្ឌា បានកើនឡើង ១៩ដង និងមានចំនួន ៤១លានតោនក្នុងឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
របាយការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទិនានុប្បវត្តិថាមពល លោក Novak បានហៅគោលនយោបាយថាមពលបច្ចុប្បន្នរបស់រុស្ស៊ីថា “ងាកទៅខាងកើត” ។
លោកបានកត់សម្គាល់ថានៅក្នុងខែឧសភា ឆ្នាំ២០២២ ការផ្គត់ផ្គង់ប្រេងពីប្រទេសរុស្ស៊ីទៅកាន់បណ្តាប្រទេសអាស៊ី មានលើសពីបរិមាណដែលបានបញ្ជូនទៅអឺរ៉ុប ជាលើកដំបូង។ នៅឆ្នាំ២០២២ ការនាំចេញប្រេងរបស់រុស្ស៊ី ទៅកាន់ប្រទេសជាមិត្តបានកើនឡើង ៧៦ភាគរយ ហើយការនាំចេញផលិតផលប្រេងបានកើនឡើង ២០ ភាគរយ។
ដូចដែលលោកបានលើកឡើង ប្រទេសរុស្ស៊ីបានប្តូរទិសដៅប្រេង និងផលិតផលប្រេងជិត ៤០ លានតោនពីទីផ្សារលោកខាងលិច ទៅកាន់ទីផ្សារភាគខាងកើតកាលពីឆ្នាំមុន។
លោក Novak បានលើកឡើងថា រដ្ឋាភិបាលរុស្ស៊ីកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដើម្បីបង្កើនការនាំចេញថាមពលទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅឆ្នាំ២០២៦ សមត្ថភាពនៃបំពង់បង្ហូរប្រេងសំខាន់ៗដែលនាំទៅដល់អាស៊ីត្រូវបានគេគ្រោងនឹងពង្រីក ៣២លានតោន ហើយបំពង់បង្ហូរប្រេងសរុបចំនួន ៦០០គីឡូម៉ែត្រនឹងត្រូវបានសាងសង់។
គម្រោងក៏កំពុងត្រូវបានអនុវត្តផងដែរដែលនឹងអនុញ្ញាតឱ្យរុស្ស៊ីអាចនាំចេញឧស្ម័នតាមបំពង់បានរហូតដល់ទៅ 100 ពាន់លានម៉ែត្រគុបទៅភាគខាងកើត៕
ប្រែសម្រួល ឈូក បូរ៉ា