គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានលើកឡើងថា បរទេសនឹងមិនបញ្ជូនកងទ័ពរបស់ពួកគេទៅអ៊ុយក្រែន មុនពេលបញ្ចប់ជម្លោះនោះទេ។
លោក Kuleba បានលើកឡើងថា “រហូតដល់ចុងបញ្ចប់នៃជម្លោះប្រដាប់អាវុធ នៅក្នុងទឹកដីនៃអ៊ុយក្រែន ប្រទេសបរទេសនឹងមិនដាក់ពង្រាយកងទ័ពរបស់ពួកគេនៅក្នុងទឹកដីនៃរដ្ឋរបស់យើងនោះទេ” ។
លោកបានកត់សម្គាល់ថា ភាគីអ៊ុយក្រែនកំពុងស្នើសុំដៃគូរបស់ខ្លួនសម្រាប់អាវុធ មិនមែនសម្រាប់ការបញ្ជូនទាហានរបស់ពួកគេនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សមាជិកភាពដែលអាចកើតមានរបស់អ៊ុយក្រែន នៅក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នឹងមិនបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែននោះទេ ប៉ុន្តែអាចទប់ស្កាត់សង្គ្រាមថ្មី។
កាលពីដើមសប្តាហ៍នេះ អតីតអគ្គលេខាធិការអង្គការណាតូ លោក Anders Fogh Rasmussen បានឲ្យដឹងថា ប្រទេសមួយចំនួនអាចពិចារណាលើការដាក់ពង្រាយកងទ័ពរបស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើប្រទេសសមាជិកណាតូ មិនផ្តល់ការធានាសន្តិសុខដល់ទីក្រុងគៀវក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធភាពនាពេលខាងមុខ៕
ប្រែសម្រួល ឈូក បូរ៉ា