វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ថា មន្ត្រីក្រសួងការបរទេសបានលើកឡើងថា សហរដ្ឋអាមេរិក បានជូនដំណឹងដល់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNESCO) អំពីផែនការរបស់ខ្លួនក្នុងការចូលរួមសាជាថ្មីឡើងវិញ ក្រោយពីបានចាកចេញនៅក្នុងរដ្ឋបាលគ្រប់គ្រងរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងឆ្នាំ២០១៨ ។
ផែនការដែលអាចត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ កើតឡើងនៅគ្រាដែលរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន មានបំណងចង់ទទួលបានភាពជាអ្នកដឹកនាំឡើងវិញនៅក្នុងក្របខ័ណ្ឌពហុភាគី ដែលសហរដ្ឋអាមេរិក បានដកខ្លួនចេញក្រោមរបៀបវារៈ ដែលគេហៅថា “America First” របស់រដ្ឋបាលលោក ត្រាំ ។
មន្ត្រីក្រសួងការបរទេសបានលើកឡើងថា សហរដ្ឋអាមេរិក បានជូនដំណឹងដល់លោក Audrey Azoulay អគ្គនាយកអង្គការ UNESCO អំពីផែនការរបស់ខ្លួននៅក្នុងលិខិតមួយចុះកាលបរិច្ឆេទកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះ ។
មន្ត្រីរបស់អង្គការ UNESCO បានលើកឡើងថា លោក Azoulay គ្រោងនឹងកោះប្រជុំតំណាងរបស់ខ្លួននៅថ្ងៃចន្ទនេះ ដើម្បីសង្ខេបព័ត៌មានសំខាន់ៗដែលជាយុទ្ធសាស្ត្រ ។
គេបានដឹងថា សហរដ្ឋអាមេរិក ស្ថិតក្រោមការដឹកនាំរបស់លោក ត្រាំ បានប្រកាសនៅក្នុងឆ្នាំ២០១៧ថា ខ្លួនកំពុងដកខ្លួនចេញពីអង្គការ UNESCO ដោយសារតែការចោទប្រកាន់របស់ស្ថាប័ននេះថា “លំអៀងប្រឆាំងនឹងអ៊ីស្រាអ៊ែល” ហើយការចាកចេញរបស់សហរដ្ឋអាមេរិក បានចូលជាធរមាននៅឆ្នាំបន្ទាប់ ។
លោក Antony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែអថា លោក បៃដិន កំពុងស្វែងរកការចូលរួមនៅក្នុងស្ថាប័នអង្គការសហប្រជាជាតិឡើងវិញ ចំពេលមានការព្រួយបារម្ភថា នៅពេលអវត្តមានរបស់សហរដ្ឋអាមេរិក ប្រទេសចិន អាចនាំមុខគេក្នុងការបង្កើតច្បាប់អន្តរជាតិស្តីពីការអប់រំ និងបញ្ញាសិប្បនិមិត្តជាច្រើនទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា