ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា ប្រទេសចិន ជំទាស់នឹងចំណាត់ការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុន និងបុគ្គលមួយចំនួនរបស់ចិន ជាមួយនឹងអ្វីដែលហៅថា លេសទាក់ទងនឹងអ៊ីរ៉ង់។
អ្នកនាំពាក្យបានឲ្យដឹងថា សកម្មភាពនេះរបស់សហរដ្ឋអាមេរិក ខ្វះមូលដ្ឋានការពិត និងដំណើរការត្រឹមត្រូវ ហើយធ្វើឱ្យខូចសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងបុគ្គលចិន ខណៈឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការផ្លាស់ប្តូរនេះ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ភាគីសហរដ្ឋអាមេរិក ត្រូវតែបញ្ឈប់ការគាបសង្កត់ដោយគ្មានហេតុផលរបស់ខ្លួន ចំពោះសហគ្រាស និងបុគ្គលចិន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យបានបន្ថែមថា ប្រទេសចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ របស់សហគ្រាស និងបុគ្គលចិន៕
ប្រែសម្រួល ឈូក បូរ៉ា