ដាម៉ាស់៖ ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំប្រទេសស៊ីរី លោក Alexander Efimov បានឲ្យដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើប្រទេសស៊ីរី កំពុងបង្កឧបសគ្គយ៉ាងសំខាន់ ក្នុងការកសាងប្រទេស ដែលហែកហួរដោយសង្រ្គាមឡើងវិញ។
នៅក្នុងការកត់សម្គាល់ទៅកាន់កាសែតក្នុងស្រុក al-Watan អនឡាញ លោក Efimov បានសាទរ ចំពោះការស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសស៊ីរី និងបណ្តាប្រទេសអារ៉ាប់ផ្សេងទៀត ភាគច្រើនជាអារ៉ាប៊ីសាអូឌីត និងរដ្ឋឈូង សមុទ្រដទៃទៀត ប៉ុន្តែបានលើកឡើងថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចត្រូវ បានជាប់គាំងដោយ ការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ។

លោកបានបន្ដថា “ការដាក់ទណ្ឌកម្មទាំងនេះ នៅតែជាឧបសគ្គចម្បង ចំពោះការចូលរួម ពេញលេញរបស់ប្រទេសក្នុងតំបន់ ក្នុងការកសាងប្រទេស ស៊ីរីឡើងវិញ” ដោយលោកបានអំពាវនាវឱ្យលោកខាងលិច ដកចេញនូវ “វិធានការខុសច្បាប់ នៃសម្ពាធហិរញ្ញវត្ថុ និងការជំរិតទារប្រាក់”។
លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា លោកសង្ឃឹមថា ប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ាជួយបញ្ឈប់ “គោលនយោបាយអមនុស្សធម៌” ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ដើម្បីជួយដល់ការកសាងប្រទេសស៊ីរីឡើងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា
