ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ​ច្រានចោល​ការអះអាង រ​របស់​អាមេរិក ​ក្នុងការ​ជួយ​រុស្ស៊ី​សាងសង់​រោងចក្រផលិត យន្ដហោះ​ដ្រូន 

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិក ដែលថាអ៊ីរ៉ង់ កំពុងបញ្ជូនសម្ភារៈទៅឱ្យប្រទេសរុស្ស៊ី ដើម្បីជួយទីក្រុងម៉ូស្គូ សាងសង់រោងចក្រផលិតយន្តហោះដ្រូន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់របស់សេតវិមានថា ទីក្រុងតេអេរ៉ង់ “បានផ្តល់យន្តហោះដ្រូនប្រដាប់អាវុធរាប់រយគ្រឿងដល់ប្រទេសរុស្ស៊ី កាលពីខែមុនសម្រាប់សង្គ្រាមរបស់ទីក្រុងម៉ូស្គូ ក្នុងប្រទេសអ៊ុយក្រែន” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់។

លោក Kanaani បានលើកឡើងថា អ៊ីរ៉ង់ បដិសេធការអះអាងបែបនេះជាមួយនឹង “ការលើកទឹកចិត្តផ្នែកនយោបាយ” ដោយបន្ថែមថា កិច្ចសហប្រតិបត្តិការយោធា និងការពារជាតិរវាងអ៊ីរ៉ង់ និងរុស្ស៊ី បានចាប់ផ្តើមមុនពេលផ្ទុះជម្លោះរុស្ស៊ី-អ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានឲ្យដឹងថា “គិតត្រឹមខែឧសភា រុស្ស៊ី បានទទួលយន្ដហោះដ្រូន UAVs រាប់រយគ្រឿង ក៏ដូចជាឧបករណ៍ដែលទាក់ទងនឹងការផលិត UAV ពី អ៊ីរ៉ង់”។

លោកបានលើកឡើងថា រុស្ស៊ី បានប្រើប្រាស់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីវាយប្រហារទីក្រុងគៀវ ដោយកត់សម្គាល់ថា ទីក្រុងមូស្គូ បាននឹងកំពុងផ្តល់កិច្ចសហប្រតិបត្តិការការពារជាតិ ដែលមិនធ្លាប់មានពីមុនមកដល់អ៊ីរ៉ង់ រួមទាំងលើមីស៊ីល អេឡិចត្រូនិក និងការការពារដែនអាកាស ជាថ្នូរនឹងការផ្គត់ផ្គង់យន្តហោះដ្រូនធុន kamikaze របស់អ៊ីរ៉ង់ ដល់ប្រទេសរុស្ស៊ី៕

Most Popular

To Top