ព័ត៌មានអន្តរជាតិ

កាណាដា ​ផ្អាក​ទំនាក់ទំនង​ជាមួយធនាគារ AIIB ដឹកនាំ​ដោយ​ចិន ដោយ​ចោទ​ថា ត្រូវបាន​ត្រួតត្រាដោយបក្ស​កុម្មុយនិស្តចិន

ញូវយ៉ក ៖ ឧបនាយករដ្ឋមន្រ្តីកាណាដាលោកស្រី Chrystia Freeland បានឲ្យដឹងថា ប្រទេសកាណាដា កំពុងផ្អាកសកម្មភាពរបស់ខ្លួន ជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលដឹកនាំដោយប្រទេសចិន ដើម្បីស៊ើបអង្កេតការចោទប្រកាន់ថា ធនាគារនេះត្រូវបានគ្រប់គ្រងដោយបក្សកុម្មុយនិស្តចិន។

លោកស្រី Freeland បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋាភិបាលកាណាដា “នឹងបញ្ឈប់ភ្លាមៗរាល់សកម្មភាព ដែលដឹកនាំដោយរដ្ឋាភិបាលនៅធនាគារ” ដោយបន្ថែមថា លោកស្រីបាន “ណែនាំនាយកដ្ឋានហិរញ្ញវត្ថុឱ្យដឹកនាំការ ត្រួតពិនិត្យជាបន្ទាន់លើការចោទប្រកាន់ ដែលបានលើកឡើង និងការចូលរួមរបស់កាណាដានៅក្នុងធនាគារ AIIB” ។

លោកស្រី​ក៏​បានឲ្យដឹងផង​ដែរ​ថា លោកស្រី​មិន​បាន​ច្រានចោល “លទ្ធផល​ណាមួយ” នៃ​ការ​ពិនិត្យ​នោះ​ទេ ដោយ​បង្ហាញ​ថា ទីក្រុងអូតាវ៉ា ​អាច​ដក​ខ្លួន​ចេញ​ពី​ធនាគារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ការអត្ថាធិប្បាយនេះបានកើតឡើងនៅពេលដែលលោក Bob Pickard ដែលជានាយកផ្នែកទំនាក់ទំនងសកលរបស់ AIIB និងជាជនជាតិកាណាដា បានបង្ហោះសារកាលពីថ្ងៃពុធថា លោកបានលាលែងពីតំណែងដោយអះអាងថា ធនាគារត្រូវបានគ្រប់គ្រងដោយសមាជិកបក្សកុម្មុយនិស្ត។

លោកបន្ដថា “ខ្ញុំ​ជឿថា ផលប្រយោជន៍របស់ប្រទេសរបស់ខ្ញុំ មិនត្រូវបានបម្រើដោយសមាជិកភាព AIIB របស់ខ្លួននោះទេ។ នៅក្នុងនោះដែរលោកស្រី Freeland បានលើកឡើងថា ប្រទេសកាណាដា នឹងពិភាក្សាអំពីបញ្ហានេះជាមួយប្រទេស សមាជិកផ្សេងទៀតរបស់ធនាគារ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ធនាគារ AIIB បានដើរតួជា “ស្ថាប័នអន្តរជាតិ ផ្អែកលើច្បាប់ និងស្តង់ដារខ្ពស់” ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិក។

លោក​ ក៏បានសង្កត់ធ្ងន់នៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំងថា ធនាគារជ្រើសរើស និងគ្រប់គ្រងបុគ្គលិក របស់ខ្លួនមកពី ៦៥ ប្រទេស និងសេដ្ឋកិច្ច “ស្របតាមគោលការណ៍បើកចំហ គុណធម៌ និងតម្លាភាព”៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top